រដ្ឋមន្ត្រីក្រសួងបរិស្ដាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូហេដ្ឋារចនាសម្ព័ន្ធអាស៊ី


កាលពីថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តី​ការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ដាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូហេដ្ឋារចនាសម្ព័ន្ធអាស៊ី នៃទីភ្នាក់ងារសហគ្រាស និងរូបិយវត្ថុសិង្ហបុរី ដែលជាក្រុមហ៊ុនថ្មីនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ពង្រីកដៃគូសហប្រតិបត្តិការក្នុងប្រទេស ស្វែងយល់អំពីស្ថាប័ន និងវិស័យឯកជន ដើម្បីស្វែងរកតម្រូវការជាក់ស្តែង ដែលក្រុមហ៊ុននេះអាចជួយចូលរួមចំណែកជាមតិយោបល់ និងដំណោះស្រាយឱ្យកាន់តែប្រសើរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ចំពោះការមកវិនិយោគនៅកម្ពុជា ហើយនេះជាពេលវេលាដែលល្អសម្រាប់ក្រុមហ៊ុនមកធ្វើការវិនិយោគ ដោយសារតែប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ៍សេដ្ឋកិច្ច និងរីកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ និងកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំជាប់ៗគ្នាក្នុងរយៈពេល២០ឆ្នាំ យើងក៍មានបញ្ហាប្រឈមដូចជា ការគ្រប់គ្រងគុណភាពទឹក និងខ្យល់ ការគ្រប់គ្រងសំណល់រឹង និងរាវ ដែលក្រសួងបរិស្ថានកំពុងតែធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហា និងរិះរកដំណោះស្រាយឱ្យកាន់តែប្រសើរ និងសមស្របតាមការតម្រូវការជាក់ស្តែង ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងបរិស្ថានកំពុងតែផ្តោតសំខាន់លើការវិនិយោគថាមពលកកើតវិញ ដូចការការកែឆ្នៃសំរាមឱ្យត្រូវជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ ហើយគំនិតផ្តួចផ្តើមទាំងនេះ ក្រសួងបរិស្ថានស្វាគមន៍ដៃគូ និងវិស័យឯកជនដែលប្រកបដោយជំនាញច្បាស់លាស់ និងចក្ខុវិស័យក្នុងការចូលរួមជាគំនិត ដើម្បីឈានទៅពិនិត្យមើលទ្ធភាពក្នុងកិច្ចសហការរវាងភាគីទាំងពីរនៅពេលអនាគត។