ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ តាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានាក្នុងក្របខណ្ឌវិស័យកសិកម្ម


នៅទីស្តីការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៩
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ តាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានាក្នុងក្របខណ្ឌវិស័យកសិកម្ម និងពាក់ព័ន្ធវិស័យកសិកម្ម ហើយនិងស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ រួចដាក់ចេញនូវវិធានការ ឬយន្តការដោះស្រាយឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពនិងប្រសិទ្ធផលប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ សមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងជាពិសេសចូលរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាបាលនាឆ្នាំ២០៣០។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព និងមន្រ្តី បង្គោលអនុវត្តគម្រោង។

បន្ទាប់ពីមន្រ្តីបង្គោលបានធ្វើបទបង្ហាញជូនអង្គប្រជុំបានជ្រាបពីវឌ្ឍនភាពរបស់គម្រោងដែលទាក់ទងនឹងប្រធានបទទី១- គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ទី២- ការអភិវឌ្ឍអនុវិស័យជនផល ទី៣- កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយលើកយកចំណុចសំខាន់ៗមកបកស្រាយដូចជាកញ្ចប់ថវិកាដែលត្រូវចំណាយ ពេលវាលាអនុវត្តគម្រោង ខេត្តគោលដៅ វិធីសាស្រ្តអនុវត្តគម្រោង លទ្ធផលអន្តរកាល លទ្ធផលរំពឹងទុក បញ្ហាប្រឈម ការចោទសួរ និងចម្លើយរបស់សមាជិក សមាជិកានិងជាពិសេសពីឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះស្ថាប័ន មន្រ្តីបង្គោល និងមន្រ្តីអនុវត្តគម្រោងដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ និងដៃគូអភិវឌ្ឍនានាដែលបានជួយឧបត្ថម្ភ គាំទ្រគម្រោងអភិវឌ្ឍវិស័យកសិកម្ម ហើយបានថ្លែងអំណរគុណជូនចំពោះក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានជួយជ្រោមជ្រែង សហការក្នុងការអនុវត្តគម្រោងនានារហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋន្រ្តីសង្ឃឹម និងជឿជាក់ថាកិច្ចសហការដ៏ប្រពៃនេះនឹងបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរថែមទៀតប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ច ការកែប្រែកម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ជាក្រឹត្យ ក្រមសត្យានុម័ត ការអនុវត្តគម្រោងជាក់ស្តែងនៅមូលដ្ឋានតែងតែផលិតបាននូវលទ្ធផលល្អ ហើយក៏ប្រទះបាននូវចំណុចខ្វះខាត ដូច្នេះ ដើម្បីបង្កើនចំណុចខ្លាំងថែមទៀត កាត់បន្ថយចំណុចខ្សោយ និងបន្តធ្វើនវានុវត្តន៍នូវរាល់ផែនការសកម្មភាពអនុវត្តគម្រោងឲ្យបានទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍ណែនាំសំខាន់ៗដល់មន្រ្តីបង្គោល និងមន្រ្តីអនុវត្តគម្រោងជាបន្តបន្ទាប់ដូចខាងក្រោម៖
១- មន្រ្តីដែលចូលរួមរៀបចំ ដឹកនាំ និងអនុវត្តគម្រោងត្រូវជ្រើសរើសកម្មវត្ថុរបស់គម្រោងឲ្យបានសមស្របតាមផែនការនយោ បាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងកំណើនសេដ្ឋកិច្ចជាតិ និងប្រជាជនគឺជារួមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ហើយត្រូវតម្រង់ឲ្យចំគោលដៅនៃសេចក្តីត្រូវការរបស់អ្នកទទួលផលពីគម្រោងជាក់ស្តែង ជាពិសេសលទ្ធផលរំពឹងទុកគឺត្រូវឆ្លើយតបទៅតាមឆន្ទៈ និងសូចនាករណ៍របស់រាជរដ្ឋាភិបាល។