រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាពិភាក្សាកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ ការបង្កើនពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅៈ ការកាត់បន្ថយរបាំងមិនមែនពន្ធគយចំពោះពាណិជ្ជកម្ម


(ទីក្រុងញូវដែលី)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ពីព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ដល់ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ាន មានការកើនឡើងបីដង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានឥណ្ឌា (AIFTA) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីអាស៊ាន និងឥណ្ឌា សរុបមានចំនួន ៧៣,៥៩ពាន់លានដុល្លារ ដែលកើនឡើង ២៥,៥% ធៀបនឹងឆ្នាំមុនគឺ ៥៨,៦ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងពី ១,៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។

ទន្ទឹមនឹងមានការវិវត្តទៅមុខជានិច្ច លើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគន្លឹះសំខាន់ៗសម្រាប់ធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មតាមរយៈការធ្វើសេរីភាវូបនីយកម្មលើទំនិញ សេវា និងការវិនិយោគ។ លើសពីនោះទៅទៀត អាស៊ានក៏បានកាត់បន្ថយអត្រាពន្ធគយដែលជាធាតុសំខាន់ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជទំនិញក្រោមកិច្ចព្រមព្រៀង ATIGA ហើយក៏បានកាត់បន្ថយនូវរបាំងមិនមែនពន្ធគយជាច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា បើទោះបីជាមានការកាត់បន្ថយនូវរបាំងមិនមែនពន្ធគយយ៉ាងណាក៏ដោយ ក៏នៅតែមានប្រទេសសមាជិកអាស៊ានមួយចំនួនត្រូវបានគេសង្កេតឃើញថា បាននិងបន្តដាក់របាំងមិនមែនពន្ធគយមានដូចជា SPS និង TBT ដែលទាំងនេះជាឧបសគ្គរារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជា ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មឱ្យកាន់តែមានការរីកចំរើនទាំងក្នុងតំបន់ និងសកលលោក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា គ្រប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀតគួរយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តការក្នុងការកាត់បន្ថយ ឬលប់បំបាត់នូវរបាំងមិនមែនពន្ធគយ ក៏ដូចជាកិច្ចសម្រួលពណិជ្ជកម្ម លំហូនៃព័ត៌មាន សុខដុមនីយកម្ម និងការទទួលស្គាល់កំរិតស្តង់ដារគ្នាទៅវិញទៅមក ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេសរបាំងមិនមែនពន្ធគយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាបានធ្វើកំណែទម្រង់លើកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ ដែលកំណែទម្រង់ទាំងនោះរួមមាន៖
១. យន្តការច្រកចេញចូលតែមួយ
២. នីហិតដ្ឋានជាតិពត៍មានពាណិជ្ជកម្ម
៣. ការចេញវិញ្ញាប័នបត្របញ្ជាក់ប្រភពដើមទំនិញ (C/O online)
៤. ការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកសញ្ញាតាមប្រព័ន្ធ online
៥. ការសម្របសម្រួលនីតិវិធីបញ្ចេញទំនិញ និងកាត់បន្ថយថ្លៃចំណាយផ្សេងៗនៅតាមព្រំដែន
និង៦. កំណែទម្រង់ផ្សេងៗទៀតនៅតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការមកបណ្តាក់ទុនវិនិយោគកាន់តែច្រើន ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជាថា ដោយមានសន្តិភាព និងស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កម្ពុជាសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំប្រហែល ៧% នាទសវត្សរ៍ចុងក្រោយនេះដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។ ម្យ៉ាងវិញទៀតប្រទេសកម្ពុជា ក៏បានដាក់បញ្ចូលវិស័យពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ នៅក្នុងយុទ្ធសាស្ត្រចតុកោណទី៤នៃអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។