ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម


(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ្វូ៊ជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្រោយជំនួបនៃកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ្វូ៊ជុង នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។

សូមបញ្ជាក់ថា លោក ង្វៀន ហ្វូ៊ជុង ដែលជាបុគ្គលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋ​វៀតណាម លោក ត្រាន ដៃក្វាង បានទទួល​មរណភាពកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​​ នៅអាយុ​៦១ឆ្នាំ។

លោក ង្វៀន ហ្វូ៊ជុង បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ ពេលអញ្ជើញដល់លោក ង្វៀន ហ្វូ៊ជុង បានអញ្ជើញចូលចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ក្នុងដំណើរទស្សនកិច្ចនេះប្រមុខរដ្ឋវៀតណាម ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

សូមរំលឹកថា កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។

ឆ្នាំ២០១៨កន្លងទៅនេះ ជាខួបលើកទី៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងខួប៥១ឆ្នាំនៃទំនាក់ទំនងនេះ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទំនាក់ទំនង និងទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ ដែលបានបង្ហាញពីចំណងសាមគី្គភាព មិត្តភាព ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។

ក្នុងទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរមានពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។

ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕