លោកជំទាវ ទាង អេង ទៀសីហា ប្ដេជ្ញាចុះជួបស្រ្តីជាមាតា និងពលរដ្ឋទាំង១០០ឃុំ/សង្កាត់ នៅខេត្តសៀមរាប និងសុំឱ្យមាតាគ្រប់រូបបំបៅកូនដោយទឹកដោះម្ដាយ


(សៀមរាប)៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមការងារនៃគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនមាតា ទារក ដែលទើបនឹងសម្រាលកូនតូច ចំនួន ៥៩នាក់ នៅមណ្ឌលសុខភាពព្រៃជ្រូក និងសសស្តម្ភ នាស្រុកពួក ខេត្តសៀមរាប។

លោកជំទាវ ទាង អេង ទៀសីហា បានប្ដេជ្ញាចិត្តថា នឹងចុះជួបស្រ្តីដែលជាមាតា ទារក កុមារ និងប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំ/សង្កាត់ ទាំង១០០ នៅតាមស្រុក/ក្រុងទាំង១២ ក្នុងខេត្តសៀមរាប ហើយលោកស្រី បានស្នើសុំឱ្យស្ត្រីដែលជាម្ដាយគ្រប់រូបបន្ទាប់ពីសម្រាលកូនរួចសូមបំបៅ កូនដោយទឹកដោះម្ដាយ ដើម្បីទារកមានការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាស្មារតីបានល្អប្រសើរ, ការពារកុមារឱ្យមានការទប់ទល់ នឹងជម្ងឺផ្សេងៗ ផងដែរ។

សម្រាប់ការចុះនាថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីគាំទ្រសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនស្ត្រី ដែលជាមាតាៗគ្រប់រូប សំខាន់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឱ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យហើយត្រូវធ្វើការពិនិត្យសុខភាព ក្រោយពេលការសម្រាលកូន ទាំងមាតានិងទារក ត្រូវទៅទទួលចាក់ថ្នាំបង្ការជម្ងឺទាំង ១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ។

លោកជំទាវបានសម្ដែងនូវអំណរសាទរ និងការកោតសរសើរយ៉ាង ខ្លាំងចំពោះរាជរដ្ឋាភិបាលដែលពីមួយឆ្នាំទៅមួយឆ្នាំ ខិតខំសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការដឹកនាំប្រទេសយើងឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពសុខដុមរមនា និងការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនឡើង ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងសុខាភិបាល មន្រ្តីជំនាញ អង្គការជាតិ អន្តរជាតិ និងកាកបាតក្រហមកម្ពុជា ដែលបានជួយគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ។

ក្នុងថ្ងៃនេះ ផងដែរ លោកជំទាវ ក៏បានជួបសំណេះសំណាលជនត្រូវចោទ ជនជាប់ចោទ និងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃពោះ ចំនួន១៥នាក់ នៅក្នុងពន្ធនាគារខេត្តសៀមរាប។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ផ្ដល់ស្ត្រី ដែលទើបនឹងសម្រាលកូនរួចទាំង ៥៩នាក់ (ក្នុងមណ្ឌលសុខភាពព្រៃជ្រូក៣៤នាក់ មណ្ឌលសុខភាពសសរស្តម្ភ ចំនួន ២៥នាក់) ក្នុងម្នាក់ៗ ទទួលបាន៖ មុង១, ភួយ១, សារុង១, ក្រម៉ា១, មី ១កេស, ត្រីខ ១យួរ, ទឹកដោះគោឆៅ ៣កំប៉ុង, ស្ករស ១គីឡូ, សាប៊ូក្រអូប ៣ដុំ, និងថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕