ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតភូទស្សនកិច្ចនៅទីក្រុង គួនមីន ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន


ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូខេត្តសៀមរាបចំនួន ១៩រូបដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្ត បានទៅធ្វើទស្សនកិច្ចនៅទីក្រុងគួនមីន ខេត្តយូណាន សាធារណ រដ្ឋប្រជាមានិតចិន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការដែល ខេត្តយូណាន ជាមួយ និងខេត្តសៀមរាប តាំងពីឆ្នាំ២០០៦ និងការផ្តល់បទពិសោធន៍គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ខេត្ត អោយកាន់តែទំនើប និងមានសណ្តាប់ធ្នាប់ល្អ។
-ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូខេត្តក៏បានធ្វើទស្សនកិច្ចមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ Yunnan Yunce Quality Testing Co., Ltd. និងសិក្សាពីការត្រួតពិនិត្យ នូវស្តង់ដារសុវត្ថិភាពចំណីអាហារដែលក្រុមហ៊ុនបានធ្វើកន្លងមកជាង១២០០០ករណីរួចមកហើយ។
-ប្រតិភូខេត្ត និងលោកអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគួនមីន បានជួបសម្តែងការគួរសមជាមួយ ជាមួយលោកជំទាវ Li Malin អភិបាលរងខេត្តយូណាន និងបានជម្រាបជូនលោកជំទាវស្តីពីការអការរីកចំរើនរបស់ទីក្រុងសៀមរាប និងវិស័យផ្សេងៗរបស់ខេត្ត។ ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបជូនប្រតិភូខេត្តស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការចំនួន៤បន្ថែមទៀត៖
១. ពង្រឹងទំនាក់ទំនងមន្ត្រីជាន់ខ្ពស់រវាងខេត្តទាំង២បន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចទៅវិញទៅមក និងវិស័យផ្សេងទៀត។
២.ជម្រុញគម្រោងអភិវឌ្ឍន៍នានា ដូចជាវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ឲ្យទទួលបាននូវលទ្ធផលគួរឲ្យកត់សម្គាល់។
៣.ជម្រុញនូវកិច្ចសហប្រតិបត្តិការខាងវិស័យសុខាភិបាល ដោយលោកជំទាវគ្រោងរៀបចំពេទ្យចិនមួយចំនួនដើម្បីមកព្យាបាលជូនប្រជាពលរដ្ឋខេត្តសៀមរាប ដែលមានជំងឺភ្នែកឡើងបាយ។
៤.ជម្រុញឯកជនវិស័យទេសចរណ៍ខេត្តទាំង២ អោយមានទំនាក់ទំនងកាន់តែស្អិតរមួលដើម្បីជម្រុញវិស័យទេសចរណ៍ខេត្តទាំង២អោយកាន់តែរីកចំរើនឡើងថែមទៀត
-ប្រតិភូខេត្តក៏បានទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗ និងទីក្រុងរណបថ្មីរបស់ទីក្រុងគួនមីនផងដែរ។