ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីចិន និងអូស្រ្តាលី ក្នុងកិច្ចប្រជុំ RCEP នៅកម្ពុជា


នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម លី ឆេងកាង (Li Chenggang) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម ម៉ាក ខូលថុន (Mark Coulton) អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគនៃប្រទេសអូស្ត្រាលី ដែលបានចូលរួមនៅក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលរៀបចំឡើងនៅទីក្រុងសៀមរាប។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីកម្ពុជា បានលើកការងារមួយចំនួនមកពិភាក្សាជាមួយភាគីចិនរួមមាន ការជំរុញរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលមានសារៈសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក តាមក្របខណ្ឌនៃច្បាប់។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើសុំភាគីចិនសម្រួលនីតិវីធី ដើម្បីអនុវត្តគោលការណ៍នាំចេញអង្ករទៅប្រទេសចិនឲ្យបាន ៤០០,០០០ តោន តាមការផ្ដល់ជូនរបស់ចិន ក៏ដូចជាពិភាក្សាលើលទ្ធភាពចុះហត្ថលេខាលើវិធីសារជាកញ្ចប់សម្រាប់សម្រួលដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា។

ឯកឧត្តម លី ឆេងកាង បានឯកភាពលើសារៈប្រយោជន៍នៃចំណុចពិភាក្សាទាំងអស់ដែលភាគីកម្ពុជា បានលើក។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ឯកឧត្តមយល់ថាជាគំនិតផ្ទួចផ្ដើមសំខាន់មួយសម្រាប់ប្រទេសទាំងពីរ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមមានវិនិយោគ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាមួយនឹងការនាំចេញអង្ករ ភាគីចិន និងកម្ពុជានឹងបន្តកិច្ចសហការជាមួយគ្នាឲ្យរឹតតែស៊ីជម្រៅ ដើម្បីសម្រេចបានគោលដៅនាំចេញនេះ ហើយជាមួយនោះដែរ ភាគីទាំងពីរនឹងបន្តប្រឹក្សា ជាមួយគ្នាបន្ថែមទៀតលើឯកសារដែលចាំបាច់ សម្រាប់សម្រួលដល់វិស័យកសិកម្មកម្ពុជា។

នៅក្នុងការជួបទ្វេភាគីជាមួយគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម ម៉ាក ខូលថុន (Mark Coulton) អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគនៃប្រទេសអូស្ត្រាលី ភាគីទាំងពីរបានពិភាក្សាចម្បងលើការងារវិនិយោគ ជាពិសេសក្នុងវិស័យកសិកម្ម និងរ៉ែ ដែលប្រទេសអូស្ត្រាលីមានជំនាញ និងបច្ចេកទេសខ្ពស់ ដោយក្រៅពីនោះក៏មានវិស័យទូរគមនាគមន៍ និងសត្តឃាតដែលសុទ្ធតែជាការវិនិយោគ ដែលអូស្ត្រាលីធ្លាប់ធ្វើរួចមកហើយនៅកម្ពុជា។ ទាក់ទងនឹងការវិនិយោគនេះ ភាគីអូស្ត្រាលី ក៏បានជម្រាបផងដែរថា មានក្រុមហ៊ុនអូស្ត្រាលីមួយកំពុងតែមានចំណាប់អារម្មណ៍វិនិយោគក្នុងការចិញ្ចឹមសត្វយកទឹកដោះ ដើម្បីលក់ក្នុងទីផ្សារក្នុងស្រុក និងនាំចេញ។

សូមជម្រាបថាកិច្ចប្រជុំទ្វេភាគីទាំងពីរ បានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលរៀបចំឡើងនៅទីក្រុងសៀមរាប និងមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មនៃភាគីចរចាទាំង១៦ រួមមានអាស៊ាន ១០ និងអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែហ្សេឡង់។