លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតា ចំនួន២ខ្នង ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង


ឧត្តមានជ័យ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតា ចំនួន២ខ្នងបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅក្នុងទឹកដី នៃខេត្តឧត្តមានជ័យនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ។
១.ផ្ទះលេខ២៥៨ ប្រគល់ជូនលោកយាយ ធី អៀង មានអាយុ ៧៣ឆ្នាំរស់នៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដមានជ័យ។ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
២.ផ្ទះលេខ២៦២ ប្រគល់ជូនលោកយាយ សាយ សុខុម មានអាយុ៧៦ឆ្នាំរស់នៅភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ ឡៅ គឹមណៃ ព្រមទាំងក្រុមគ្រួសារ។
នៅក្នុងពិធីប្រគល់ផ្ទះទេវតានោះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់ ដោយលោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកជំទាវ ក៏បាននាំយកនូវអំណោយជាច្រើនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងដែលទទួលបានអំណោយផ្ទះនាពេលនេះ។
ជាមួយ​នោះដែរ មានប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរពិធីផ្ទះទេវតានេះ ក៏បានទទួលអំណោយពីសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា នំកញ្ចប់ សំលៀកបំពាក់ សម្រាប់លោកយាយ លោកតា និងផ្តល់រទេះរុញសំរាប់ជនពិការចំនួន២គ្រឿង ផងដែរ។
កម្មវិធីផ្ទះទេវតានៅតែបន្តធ្វើសកម្មភាពមនុស្សធម៌បែបនេះជាបន្តបន្ទាប់ទៅទៀតគ្រប់ទីន្លែងនៅតំបន់ដាច់ស្រយាលដើម្បីសម្រួលការលំបាកដល់ប្រជាពលរដ្ឋទាំងឡាយ ជាពិសេសទុរគត ជនចាស់ជរាគ្មានទីពឹង។