អគារសិក្សាថ្មីចំនួន​ ០១​ខ្នង​ ០៥​បន្ទប់ ត្រូវបានសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ ក្នងសាលាបឋមសិក្សាសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប


នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង​ ឯកឧត្តម ទៀ សីហ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ និងឯកឧត្តម សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេី​ប្រាស់​ជាផ្លូវការ អគារសិក្សាថ្មីចំនួន​ ០១​ខ្នង​ ០៥​បន្ទប់ និងសំណង់ផ្ទះបាយ សួនកុមារ បង្គន់អនាម័យ​ និងរបងព័ន្ធជុំវិញស្រះ ក្នងសាលាបឋមសិក្សាសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមិទ្ធផល​ទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់របស់​ពុទ្ធិសាសនិកវត្ត Cheongryosna និងសប្បុរសជននានា នៃសាធារណរដ្ឋកូរ៉េ ដែលចំណាយអស់ថវិកា​ប្រមាណ ៥៥២០០ដុល្លារ។

ពិធីសម្ពោធសមិទ្ធផលនេះក៏មានការចូលរួមពីព្រះតេជគុណ Hae Gyeong ប្រធានសង្ឃ នៃវត្តCheongryosna និងព្រះសង្ឃវត្តនានា នៃសាធារណរដ្ឋកូរ៉េ លោកស្រី អភិបាលស្រុកក្រឡាញ់ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបប្រមាណ ៧៥០ នាក់ ។

លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្តក៏បានលើកឡើងថានេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលបានកើតឡើងនៅលើទឹកដីស្រុក​ក្រឡាញ់​ ខេត្តសៀមរាប។ ជាមួយនឹងការសាងសង់អគារថ្មីនេះ​ គឺដើម្បីអោយស្របតាមការកើនឡើងនូវសិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ ដោយឃើញនូវកំណើនសិស្សានុសិស្ស​ ទើបថ្នាក់ដឹកខេត្តគ្រប់លំដាប់ថ្នាក់បានស្វះស្វែងរកជំនួយបន្ថែមក្នុងការសាងសង់អគារសិក្សានេះ។

ទន្ទឹមនឹងនេះ​លោក​ អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ Hae Gyeong ប្រធានសង្ឃ នៃវត្តCheongryosna និងព្រះសង្ឃវត្តនានា នៃសាធារណរដ្ឋកូរ៉េដែលបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួនជួយដល់ការកសាងនូវអគារនេះឡើង​បានជោគជ័យ។

ក្នុងឱកាសនេះដែរ​ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ បានចែកអំណោយដល់ប្រជាពលរដ្ឋចូលរួម ក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៉ិច ខ្មៅដៃផងដែរ៕