សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យពិនិត្យមើលលើការប្រើប្រាស់ពាក្យសំដីរបស់អ្នកលេង Facebook និងគិតគូរពីច្បាប់ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មព័ត៌មានវិទ្យា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យអប់រំចំពោះការប្រើប្រាស់ពាក្យសំដីលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់អ្នកលេង Facebook ដើម្បីជៀសវាងមានប៉ះពាល់សង្គមជាតិ។

សម្តេចក៏បានជំរុញស្ថាប័នជំនាញគួររៀបចំគិតគូរ បង្កើតនូវច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាផងដែរ ខណៈដែលប្រទេសមួយចំនួនក្នុងពិភពលោកកំពុងអនុវត្តន៍។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មនុស្សលេង Facebook ម្នាក់ស្រាប់តែចង់បិទ Facebook សម្រាប់ប្រទេសរបស់ខ្លួន។ ខ្ញុំមិនបិទទេ Facebook ! ខ្ញុំមិនឲ្យបិទទេ ! ព្រោះប្រជាពលរដ្ឋត្រូវការវា។ ច្បាស់ណាស់ថា យើងនឹងទទួលផលប្រយោជន៍ពីវា ប៉ុន្តែក៏មានអ្នកដែលប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានដែរ ហើយរឿងនេះ យើងត្រូវធ្វើការអប់រំជាបណ្តើរៗ ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង លើការប្រើប្រាស់ពាក្យសំដី ហើយក៏ដូចជាវិធានការច្បាប់មួយចំនួនផងដែរ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «នៅប្រទេសមួយចំនួន បានបង្កើតនូវច្បាប់ប្រឆាំងនឹង ព័ត៌មានក្លែងក្លាយហើយ ហើយនៅប្រទេសមួយចំនួន កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មព័ត៌មានវិទ្យា អីចឹងទេកម្ពុជា ក៏ត្រូវតែគិតគូរបញ្ហានេះផងដែរ ក៏ប៉ុន្តែទោះបីយ៉ាងក៏ដោយខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនបិទ Facebook ឬក៏បណ្តាញសង្គមផ្សេងៗនោះទេ គឺខ្ញុំនឹងបន្តឲ្យប្រើប្រាស់»

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានឲ្យបញ្ជាក់ថា អ្នកលេង Facebook នៅកម្ពុជាមានចំនួនប្រមាណ៧លានគណនី។ គិតត្រឹមខែចុងឆ្នាំ២០១៨ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តចំនួន ១២,៩៧៤,៣១៩ស៊ីមកាត និងអ្នកប្រើសេវាអ៊ីនធឺណិតអចល័ត មានចំនួន១៤៧,៥៩៦នាក់ ៕