សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា


សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារៈ សំណើសុំជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី ០១រូបជំនួសសមាជិកចាស់ គឺ ឯកឧត្តម មឹន ស៊ាន ដែលត្រូវចប់អាណត្តិ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនអគ្គលេខាធិការរដ្ឋសភាធ្វើលិខិតជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនមានលក្ខណៈសម្បត្តិ សមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មកាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

សូមជម្រាបថាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានចំនួន៩រូប ៣រូបតែងតំាងដោយព្រះមហាក្សត្រ ៣រូប ជ្រើសតំាងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និង៣រូបទៀត ជ្រើសតាំង ដោយរដ្ឋសភា៕