អភិបាលខេត្តសៀមរាប ផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនដែលកំពុងចុះធ្វើជំរឿនទូទាំងខេត្តសៀមរាប


ក្រុមមន្ត្រីជំរឿន ដឹកនាំដោយលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិ ការជំរឿនទូទៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានចុះផ្ទាល់ដល់ភូមិគ្រឹះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប ស្របពេលដែលមន្ត្រីជំរឿន នៅទូទាំងប្រទេស បាននឹងកំពុងអនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដែលមន្ត្រីជំរឿន បានចុះផ្ទាល់ ដល់ភូមិគ្រឹះរបស់ឯកឧត្តមអភិបាលខេត្ត ដោយក្រុមការងារ នៃមន្ត្រីជំរឿន បានជម្រាបជូនឯកឧត្តម និង លោកជំទាវ អំពីគោលការណ៍មួយចំនួនពាក់ព័ន្ធ នឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់ឲ្យដឹងថា ការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និង ជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជនកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំខាន់គឺទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដទូទាំងប្រទេស និង ជួយឲ្យរដ្ឋាភិបាល អាចរៀបចំគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីព្រោះទិន្នន័យជំរឿននឹងផ្តល់នូវសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ ។

ឯកឧត្តម ទៀ សីហា និង លោកជំទាវ បានផ្តល់នូវបទសម្ភាសន៍យ៉ាងក្បោះក្បាយដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសផ្ទាល់ ដើម្បីបង្កភាពងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិក ក្រុមគ្រួសាររបស់ឯកឧត្តមដល់មន្ត្រីចុះធ្វើជំរឿនផងដែរ ។

ក្នុងកិច្ចសម្ភាសជាមួយលោកលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និង ជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការជំរឿនទូទៅខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជាការធ្វើជំរៀនទូទៅប្រជាជនមាន៣លើក មកហើយ នៅឆ្នាំ២០១៩នេះគឺជាលើកទី៤ ។ លោកបានបន្តទៀតថា ចំពោះការធ្វើបច្ចុប្បន្នភាពផែនទីមណ្ឌលជំរឿន និង ចុះបញ្ជីផ្ទះតាមបណ្តាក្រុង ស្រុក បាន៩៥% ដោយមានមន្ត្រីជំរឿន និង ធ្វើកិច្ចសម្ភាសនៅទូទាំងខេត្ត មានចំនួនសរុប ៣ពាន់៨នាក់ ។

លោកបានឲ្យដឹងទៀតថា ការជំរឿននេះបានប្រព្រឹត្តទៅទូទាំងខេត្តសៀមរាប ប្រកបដោយលទ្ធផលល្អ ប្រសើរ ដោយមានការចូលរួមសហការពីម្ចាស់ផ្ទះសំណាក់ ក្រុមហ៊ុន សណ្ឋាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន វត្តអារាម គ្រឹះស្ថានសិក្សាឯកជន ក្នុងការផ្តល់នូវព័ត៌មានដល់មន្ត្រីជំរឿន ហើយចំពោះបញ្ហាប្រឈម គឺមានតិចតូចប៉ុណ្ណោះ ៕