ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយតារាផេ ដើម្បីផ្តល់ដំណោះស្រាយទូទាត់បង់ប្រាក់ប្រើប្រាស់បចេ្ចកវិទ្យាទំនើបបំផុត


នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Dara Airport ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនតារាផេ ដើម្បីផ្តល់ដំណោះស្រាយទូទាត់បង់ប្រាក់ប្រើប្រាស់បចេ្ចកវិទ្យាទំនើបបំផុតគឺ “បច្ចេកវិទ្យាទូទាត់តាមរយៈការស្កេន QR Code” ។

ពិធីនេះផងដែរមានការចូលរួមពីសំណាក់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារកាណាឌីយ៉ា ក.អ ធនាគារប្រៃសណីយ៍កម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុហ្វូណន និងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនកាណាឌីយ៉ា-ហ្វូលលើតុន ម៉ូបែល ម៉ាននី ម.ក(“តារាផេ”) និងបណ្តាអ្នកសារព័ត៌មាន ។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ អតិថិជនអាចធ្វើការទូទាត់ថ្លៃសេវាបានយ៉ាងរហ័សទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចេញបណ្ណបើកបរយានយន្ត និងអាជីវកម្មដឹកជញ្ជូនផ្លូវគោកបានភ្លាមៗ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ។ សេវាកម្មទូទាត់បង់ប្រាក់នេះមានភាពរហ័ស ងាយស្រួល និងចំណេញថវិកាទៀតផង ។

ដើម្បីអបអរសាទរភាពជាដៃគូ និងដើម្បីពង្រឹងលើកិច្ចសហការគ្នាទៅលើសេវាថ្មីនេះ ក្រុមហ៊ុនតារាផេនឹងផ្តល់ជូនកម្មវិធីថ្មីប្រូម៉ូសិនពិសេស គឺការឥតគិតថ្លៃសេវារយៈពេល៣ខែ លើសេវានានាទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា “ ក្រុមហ៊ុនតារាផេបានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ខ្លួនក្នុងការជួយជំរុញប្រសិទ្ធភាពនៃសេវាសាធារណៈសម្រាប់ប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ។ យើងរីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនតារាផេ ដើ់ម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យ សេវាសាធារណៈសម្រាប់ប្រព័ន្ធដឹកជញ្ជូនមានតម្លៃសមរម្យ និងកាន់តែខិតទៅជិតប្រជាពលរដ្ឋគ្រប់រូបក្នុងប្រទេសកម្ពុជា។ ”

លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ផងដែរថា៖“ថ្ងៃនេះយើងបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់នូវដំណោះស្រាយទូទាត់បង់ប្រាក់ដោយបច្ចេកវិទ្យា QR Code ជូនដល់អតិថិជន ដូច្នេះហើយពួកគាត់អាចចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅបង់ប្រាក់ទូទាត់ថ្លៃសេវានានាទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕