ក្រសួងសេដ្ឋកិច្ច ប្រកាសប្តេជ្ញាធ្វើជាគំរូក្នុងការអនុវត្តថវិកាកម្មវិធី ដើម្បីធានាការអនុវត្ដប្រកប ដោយប្រសិទ្ធភាព


ផ្អែកលើលទ្ធផលជាវិជ្ជមាននៃការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០១៨ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍ក្នុងការកសាង និងស្ថាបនា ជាគំរូក្នុងការអនុវត្តថវិកាកម្មវិធី ដើម្បីជំរុញការអនុវត្តថវិកាកម្មវិធីឱ្យកាន់តែរលូន ប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សម្រាប់ឆ្នាំ ២០១៨ លទ្ធផលប្រមូលចំណូលជាក់ស្តែងបានអនុវត្តន៍ក្នុងកម្រិតល្អ។ ចំណែក ការអនុវត្ត​ចំណាយក៏កាន់តែមានភាពប្រសើរជាងមុន។ ជាមួយគ្នានេះ ការអនុវត្តសកម្មភាព សម្រេច បាន​​សមិទ្ធកម្មសំខាន់ៗជាច្រើននៅគ្រប់កម្មវិធី ដែលខិតជិតគោលដៅកំណត់ក្នុងផែនការ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា លទ្ធ ផលការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៨បានបង្ហាញថា ទិដ្ឋភាព ហិរញ្ញវត្ថុផ្នែកចំណូល សម្រាប់គម្រោងកញ្ចប់ថវិកាឆ្នាំ២០១៨គឺឥណទាន ចំណូលកើនឡើង ចំនួន១២.២ភាគរយ ធៀបច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧។ ការប្រមូលចំណូលរបស់ក្រសួងជារួម (មិនគិតចំណូលពន្ធដារថ្នាក់ក្រោមជាតិ)សម្រេចបាន ១១០.៤ភាគរយធៀបច្បាប់ ក្នុងនោះ ថ្នាក់កណ្ដាលសម្រេចបាន១១០,៤ភាគរយធៀបច្បាប់ រីឯថ្នាក់មូលដ្ឋានសម្រេចបាន៩៩.៤ ភាគរយ ធៀបច្បាប់។ ចំពោះទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណាយវិញ គឺការអនុវត្តចំណាយ មាន ចំនួន១០៤.៣ភាគរយ(តួលេខអាណត្តិទូទាត់) នៃច្បាប់ដើមឆ្នាំ ឬស្មើនឹង៩៥.៨ភាគរយ នៃ ឥណទានថ្មី ហើយសម្រាប់ការអនុវត្តចំណាយនៅតាមអង្គភាពថវិកា ឃើញថាការអនុវត្ត ប្រចាំឆ្នាំ២០១៨ មានការវិវត្តល្អមួយកម្រិត បើធៀបនឹងការអនុវត្តថវិកានា បណ្តាឆ្នាំកន្លងមក ទាំងសម្រាប់រដ្ឋបាលកណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ទិដ្ឋភាពសមិទ្ធ កម្មប្រចាំឆ្នាំ២០១៨ ធៀបទៅនឹងសូចនាករដែលបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ជារួមសម្រេចបានប្រមាណ៩៤ភាគរយ ក្នុងនោះ គោលបំណងគោលនយោបាយ ទី១. ពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនិងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថ)សម្រេចបាន៩៤ភាគរយ និងគោលបំណងគោលនយោបាយទី២. ពង្រឹងនិងបង្កើនស័ក្តិសិទ្ធិភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ សម្រេចបាន៩៥ភាគរយ ហើយសមិទ្ធកម្មតាមអនុកម្មវិធី ឬអង្គភាពថវិកាភាគច្រើនសម្រេចលទ្ធផលល្អលើសពី៨៩ ភាគរយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានគូសបញ្ជាក់ថា ការទូទាត់ចំណាយ តាមខែនៅពុំទាន់មានសង្គតិភាពនៅឡើយ ដោយអាណត្តិភាគច្រើនបង្គរនៅចុងឆ្នាំស្របពេល ដែលគុណភាពនៃការគ្រោងថវិកា នៅមានកម្រិត ដែលស្តែងចេញតាមរយៈការស្នើ សុំធ្វើ ចលនាឥណទានច្រើនដង។

សូមបញ្ជាក់ថា ការត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំត្រូវបានរៀបចំឡើងក្នុង គោលបំណងសំខាន់ៗ៣គឺ ទី១.តាមដាន និងរាយការណ៍ អំពីវឌ្ឍនភាពដែលអង្គភាពក្រោម​ឱវាទក្រសួងបានសម្រេចប្រចាំឆ្នាំដោយផ្ដោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធ កម្ម។ ទី២. កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការ​អនុវត្តការងារសម្រាប់ឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅ និងទី ៣.បំពេញតាមលក្ខខណ្ឌតម្រូវនៃបទបញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធថវិកាកម្មវិធី៕