ហ្វីលីពីននឹងភ្ជាប់ជើងហោះហើរត្រង់ម៉ានីល-ភ្នំពេញលើកដំបូង នាដើមខែមេសា


(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរ Philippines Airline នឹងតភ្ជាប់ជើងហោះហើរត្រង់លើកដំបូងពីរដ្ឋធានីម៉ានីល-រាជធានីភ្នំពេញ នាដើមខែមេសា ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ ដែលប្រការនេះ កម្ពុជាក៏សង្ឃឹមថា នឹងទទួលបានកំណើនភ្ញៀវទេសចរបន្ថែម តាមរយៈការហោះហើរត្រង់នេះផងដែរ។

មុនចាប់ផ្ដើមប្រតិបត្តិការនេះ ប្រតិភូក្រុមហ៊ុនអាកាសចរ Philippines Airline ដឹកនាំដោយលោក Jaime J. Bautista ប្រធានក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងនៃការជួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ នាពេលនេះ គឺប្រតិភូក្រុមហ៊ុនអាកាសចរ Philippines Airline ចង់ជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់គេនឹងចាប់ផ្ដើមហោះហើរត្រង់ពីរដ្ឋធានីម៉ានីលទៅមករាជធានីភ្នំពេញ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា តាមការរំពឹងទុក គឺក្រុមហ៊ុនអាកាសចរ Philippines Airline នឹងបើកការហោះហើរត្រង់នាដើមខែមេសា ឆ្នាំ២០១៩ ខាងមុខ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ការហោះហើរត្រង់នេះប្រើពេលតែប្រមាណជាង ២ម៉ោង ប៉ុណ្ណោះ។

ក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមថា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់នេះ គឺនឹងជួយជំរុញកំណើនទេសចរពីហ្វីលីពីន និងប្រទេសទី៣ មកកាន់កម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្ន ភ្ញៀវទេសចរហ្វីលីពីនដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ ប្រមាណតែជាង ៩ម៉ឺននាក់ ប៉ុណ្ណោះ។

ឯកឧត្តម តុប សុភ័ក បានលើកឡើងថា តាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ការតភ្ជាប់ជើងហោះហើរត្រង់ម៉ានីល-ភ្នំពេញនេះ គឺជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ពីព្រោះតាំងពីឆ្នាំ១៩៧០មក កម្ពុជាមិនទាន់មានជើងហោះហើរត្រង់ណាមួយ ពីភ្នំពេញទៅមកម៉ានីលឡើយ ប៉ុន្តែដោយសារកម្ពុជាបច្ចុប្បន្នមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទើបក្រុមហ៊ុនអាកាសចរ Philippines Airline ក៏ដូចជាក្រុមហ៊ុនអាកាសចរក្រៅប្រទេសដទៃទៀត ពង្រីកការតភ្ជាប់ជើងហោះហើរត្រង់បែបនេះ។ ម្យ៉ាងវិញទៀត កត្តាដែលជំរុញឱ្យមានការហោះហើរត្រង់នេះ ក៏ដោយសារនិន្ននាការរបស់ភ្ញៀវទេសចរបច្ចុប្បន្នផងដែរ ពោលគឺពួកគេនិយមចូលចិត្តការហោះហើរត្រង់ ងាយស្រួល និងប្រើពេលខ្លីឆាប់ដល់គោលដៅ។

សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរមួយរបស់ហ្វីលីពីន ក៏បានហោះហើរត្រង់ពីទីក្រុងសេប៊ូ (ទីក្រុងមួយនៅលើកោះសេប៊ូ នៃប្រទេសហ្វីលីពីន) មកក្រុងសៀមរាបផងដែរ ដោយក្នុងមួយសប្ដាហ៍ហោះហើរបានចំនួន៤ជើង៕