ប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ី-អ៉ឺរ៉ុប ស្តីពីនិរន្តរភាពសមុទ្រ


ទីក្រុងបាងកក ប្រទេសថៃពីថ្ងៃទី ៧ ដល់ ៨ ខែមីនា ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ី-អ៉ឺរ៉ុប ស្តីពីនិរន្តរភាពសមុទ្រ ក្រោមអធិបតីភាពឯកឧត្តម Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដោយមានអ្នកចូលរួមប្រមាណចំនួន ១៧០នាក់ (សហគមន៍អឺរ៉ុបចំនួនន៣០ ប្រទេសនិងអាស៉ីចំនួន ២១ ប្រទេស) ដើម្បីពិភាក្សាលើការអនុវត្តយុទ្ធសាស្រ្តនិរន្តរភាពសមុទ្រដែលជាចំណុច
រួមរវាងមនុស្ស និងបរិស្ថាន តាមរយៈការលើកកម្ពស់និរន្តរភាពសមុទ្រ និងសេដ្ឋកិច្ចខៀវ (Marine Sustainability and Sustainable Blue Economy) ការអភិរក្សនិងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរ និងវិទ្យាសាស្រ្ត បច្ចេកវិជ្ជា និងនិវានុវត្តន៍។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំពីបទពិសោធន៍របស់កម្ពុជាក្នុងការគ្រប់គ្រងនិងអភិរក្សសមុទ្រ និងកិច្ចខិតខំរបស់កម្ពុជាក្នុងការការពារបរិស្ថានសមុទ្រ។ ក្នុងកិច្ចប្រជុំផ្តល់នូវឱកាសសម្រាប់ប្រទេសអាស៊ី និងអ៉ឺរ៉ុប ដើម្បីកំណត់នូវ ទី១) អាទិភាព និងបញ្ហា ដើម្បីលើកកម្ពស់និរន្រតភាពសមុទ្រក្នុងការរួមចំណែកអនុវត្តកម្មវិធីអភិវឌ្ឍន៍ឆ្នាំ២០៣០។ ទី២) ការច្នៃប្រឌិតថ្មីរបស់អ្នកពាក់ព័ន្ធរួមទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងថ្នាក់តំបន់ ជាពិសេសអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវក្នុងការរិរះរកនូវវិធីសម្រាប់ធានានូវនិរន្តភាពសមុទ្រ។