មិទ្ទិញអបអរសាទរខួបលើកទី ១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩


ព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត រៀបចំមិទ្ទិញអបអរសាទរខួបលើកទី ១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំង ឯកឧត្តម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នេះគឺ ដើម្បីរំលឹកវីរភាព នៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធស្មើរភាពរវាងបុរស និងស្រ្តី។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរអោយ កូនចៅ អាណាព្យាបាលទាំងអស់លើកកម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សា នៅក្នុងគ្រួសារ និងសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅ ដោយរៀបចំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា ដោយប្រកាន់ខ្ជាប់ខ្ជួននូវសីលធម៌ សុជីវធម៌ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាល អង្គភាពចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន ១៤០០នាក់។

ក្នុងនោះដែរ ក៏មានការចូលរួមថវិកា ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងគ្រប់ប្រភេទ បានឧបត្ថម្ភដល់សមាជិសមាជិកា ជាស្ត្រី ចំនួន ១២៥៧នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល សរុប ៦២,៨៥០,០០០រៀល។