យោធិនពិការ អតីតយុទ្ធជន គ្រួសារយោធិន និងប្រពលរដ្ឋក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ ​បានទទួលការយកចិត្តទុកដាក់ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ


(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណជាង២០០០នាក់ បានទទួលការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលសកម្មភាពមនុស្សធម៌ដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម រួមនឹងក្រុមរងារកម្លាំងស្ម័គ្រចិត្តមនុស្សធម៌ អាជ្ញាធរ យុវជន យោធិនពិការ និងគ្រួសារ ព្រមទាំងប្រពលរដ្ឋជាង២០០០នាក់។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ចំពោះយោធិនពិការ យោធិនចូលនិវត្តន៍ និងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ​ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភ សម្ភារ ថវិកា ការយកទុកដាក់លើកកំពស់សុខមាលភាព និងគោលរបបផ្សេងៗ ចំពោះពួកគាត់ដែលបានលះបង់អ្វីគ្រប់យ៉ាង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិមកដល់សព្វថ្ងៃនេះ។

លោកជំទាវបានបន្តថា កងទ័ពសម័យនេះសំណាងជាងកងទ័ពជំនាន់មុន ព្រោះបានរស់នៅក្នុងសុខសន្តិភាពដែលកងទ័ពជាងមុនបានខិតខំលះបង់ស្វែងរកសុខសន្តិភាពបន្សល់ទុកដល់សព្វថ្ងៃ។

ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ចំពោះយោធិន យោធិនពិការ អតីតយុទ្ធជន និងគ្រួសារយោធិន ព្រមទាំងប្រជាពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ​ ការឧបត្ថម្ភ សម្ភារ ថវិកា ការសាងសង់ផ្ទះ អណ្តូងទឹក ការយកទុកដាក់លើកកំពស់សុខមាលភាព និងគោលរបបផ្សេងៗជាច្រើនទៀត។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងផ្នែកដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ចក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនាឆ្នាំ២០១៩ នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចុះពិនិត្យព្យាបាលយោធិន យោធិនពិការ អតីតយុទ្ធជន និងគ្រួសារយោធិន ព្រមទាំងប្រជាពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ​ បានចំនួន២២៨៦នាក់ នឹងបញ្ជូនមកព្យាបាលបន្តចំនួន៣៥នាក់ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕