វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​​ចាប់ផ្តើម​​រីកចម្រើន​​ខ្លាំង​​នៅ​​ក្រុង​បាវិត


ស្វាយរៀង​៖​ ​ស្រប​ពេល​កំនើ​ននៃ​ការ​វិនិយោគ​ ​ពីសំណាក់​អ្នក​វិនិយោគ​អន្តរជាតិ​ ​ពិសេស​ជនជាតិ​ចិន​ ​បាន​ធ្វើឲ្យ​ទីក្រុង​បាវិត​ផ្លាស់​ប្តូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ​ពិសេស​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​។​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ពេល​ចុះ​ពិនិត្យ​ពី​ដំណើរ​វិវត្តន៍​ ​នៃ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​នា​ថ្ងៃអាទិត្យ​ទី១០​ ​មិនា​កន្លងមក​ថា​ ​វិស័យ​សំណង់​ ​ពិសេស​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ខេត្ត​ពិតជា​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ​ដែល​ធ្វើឲ្យ​ទីក្រុង​នេះ​នឹង​ក្លាយជា​ទីក្រុង​ដ៏​ ​ស៊ីវិល័យ​មួយ​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​ជាក់ស្តែង​កំណាត់ផ្លូវ​ជាតិ​លេខ១​ ​ក្នុង​ក្រុង​បាវិត​បាន​និង​កំពុង​ពង្រីក​ផ្លូវ​ជា​ពីរ​គន្លង​ទៅ​ ​ពីរ​គន្លង​មក​ ​ដោយមាន​ការ​កសាង​សួនច្បារ​នៅ​ចំ​កណ្តាល​ ​និង​ផ្លូវ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​បាន​ពង្រីក​ទំហំ​រហូតដល់៣០ទៅ៦០ម៉ែត្រ​ ​ដែល​ជា​សក្តា​នុ​ពល​មួយ​សំរាប់​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ជំរុញ​ការ​រីកចម្រើន​ក្នុង​ទីក្រុង​នេះ​កាន់តែ​ឆាប់រហ័ស​។​

​លោក​បន្ត​ថា​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​ពន្លឿន​ការ​កសាង​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សាធារណៈ​នេះ​ ​ខេត្ត​បាន​និង​កំពុង​ក្រុង​បាវិត​បាន​ ​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ទៀត​ ​ដូចជា​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខ​ ​ឆាប់​ៗ​នេះ​។​

​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​បន្ត​ថា​ ​ការ​កសាង​ក្រុង​បាវិត​ ​ពិតជា​លឿន​ ​ហើយ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​គឺ​ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ដឹកជញ្ជូន​កាន់តែ​មានតម្លៃ​ទាប​ ​ហើយ​ពេល​តម្លៃ​ដឹកជញ្ជូន​ទាប​ ​ក៏​ធ្វើឲ្យ​តម្លៃបន្ថែម​កើនឡើង​ ​និង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​បន្ថែម​ទៀត​។​

​លោក​ ​Eric​ ​Luu​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Empire​ ​World​ ​ដែល​បាន​និង​កំពុង​ត្រៀម​សាងសង់​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាវិត​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​ថា​ ​ការ​រីកចម្រើន​ក្រុង​បាវិត​នឹង​លឿន​លើស​ការ​រំពឹង​ទុក​ ​ខណៈ​ទីក្រុង​នេះ​ស្ថិតនៅ​ស្រប​ជាមួយ​ផ្លូវជាតិ​លេខ១​ ​ដែល​ជា​ច្រករបៀង​ផ្នែក​ខាងត្បូង​អាស៊ាន​ ​និង​ស្ថិតនៅ​ក្នុង​ប្រព័​ន្ឋ​នៃ​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់១​ ​ផ្លូវ១របស់​ចិន​ ​ដែល​នឹង​សាងសង់​មកដល់​នា​ពេល​ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​“​ក្រុង​បាវិត​ជាទី​ក្រុង​ពិសេស១​ ​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់​ចូលក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​និង​ជាទី​ក្រុង​មួយ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​សេដ្ឋកិច្ច​ ​ដែល​ជា​ចំណុច​កណ្តាល​តភ្ជាប់​រវាង​ទី​ក្រុង​ហូ​ ​ជី​ម៉ិញ​ ​និង​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​”​៕​