ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តស្រះដូនរីករាយសាងសង់អស់ទឹកប្រាក់សរុបចំនួន ៤៤៤ពាន់៧០០ដុល្លារ​ត្រូវបានសម្ពោធឆ្លងជាផ្លូវការ


កាលពីចុងសប្តាហ៍ ព្រឹកថ្ងៃ អាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សមទិ្ធផលរួមមានកុដ្ឋិ សាលាឆាន់ និង ព្រះវិហារ សរុបទឹកប្រាក់សរុបចំនួន ៤៤៤ពាន់៧០០ដុល្លារ ដែលសាងសង់អស់រយៈពេល ៦ឆ្នាំ ក្នុងវត្តស្រះដូនរីករាយ ស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រារព្ធធ្វើពិធីសម្ពោធកាត់ខែ្សបូរ និង ឬសីមា ថ្វាយប្រគេនព្រះសង្ឃ និង ពុទ្ធបរិស័ទ ប្រើប្រាស់ទៅតាមច្បាប់បញ្ញតិរបស់ព្រះពុទ្ធសាសនា​ ក្រោមអធិបតីភាពរបស់ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

ព្រះធម្មកវីវង្ស នង មាណវោ ព្រះរាជាគណៈថ្នាក់ត្រី និង ជាព្រះមេគណ គណៈធម្មយុត្តខេត្ត បានមាន សង្ឃដីកាបញ្ជាក់អំពីសាវតានៃការកកើតវត្តស្រះដូនរីករាយ ហៅវត្តដូនរីក និង ពីរបាយការណ៍សាងសង់សមិទ្ធផលក្នុងទីវត្តនេះរួចមក។

លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងសុន្ទរកថារួចមក ឯកឧត្តមអ្នកឧកញ៉ា ក៏បានបកស្រាយបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំបានកន្លងផុត រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំនាវាកម្ពុជា ឆ្លងកាត់ភាពដ៏ស្មុគ្រស្មាញ ឆ្ពោះទៅកាន់ត្រើយនៃសុខសន្តិភាព ប្រសូត្រឲ្យមានជីវិតទី២ នៃព្រះរាជាណាចក្រកម្ពុជា និង ជម្រុញឲ្យមានការអភិវឌ្ឍប្រទេសជាតិ ចាប់ផ្តើមពីបាតដៃទទេ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រ និង ពុទ្ធចក្រ ។ បច្ចប្បន្ននេះទូទាំងប្រទេស គឺ មានទីអារាមពុទ្ធសាសនា ចំនួនជាង៤ពាន់វត្ត មានព្រះសង្ឃ ប្រមាណជាង ២ ម៉ឺនអង្គ ។ ជាមួយនេះ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពក្នុងការធ្វើបុណ្យទានផ្សេងៗ និង ប្រកាន់យកសាសនាតាមជំនឿរៀងៗខ្លួន ។

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានគូសបញ្ជាក់ផងដែរថា មានអតីតកាល ទើបមានបច្ចុប្បន្នកាល ហើយអនាគតកាលដែលកំពុងរង់ចាំនោះ យើងនឹងអាចសម្លឹងឃើញយ៉ាងច្បាស់ អំពីភាពវិជ្ជមាននៃការអភិវឌ្ឍ គឺអាស្រ័យដោយការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ លើស្មារតីចូលរួមការថែរក្សាសន្តិភាព ។ កត្តាសន្តិភាពនេះហើយ ទើបមានការអភិវឌ្ឍ វាមិនមានការរីកចម្រើនណាមួយត្រូវបានកើតឡើងដោយសង្គ្រាមនោះទេ ។ ឯកឧត្តមអ្នកឧកញ៉ាគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ជាស្ថាបនិកសន្តិភាពកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ថា បើទោះជាក្នុងតម្លៃណាក៏ដោយសម្តេចតេជោ មិនលើកលែងនោះឡើយ ចំពោះជនណាដែលមានបំណងចង់បំផ្លាញសន្តិភាព ដែលខិតខំស្វែងរកបានដោយការលំបាកនោះ ។ ការការពារសន្តិភាព គឺជាជម្រើសតែមួយគត់ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ប្រជាពលរដ្ឋសម្បូណ៌សប្បាយរុងរឿង ។

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានធ្វើការណែនាំមួយ ចំនួនដល់បងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់លើការការពារ ថែរក្សា និង អភិរក្សនូវព្រៃឈើតំបន់ភ្នំគូលែន ដែលជាអាយុជីវិតនៃសេដ្ឋកិច្ចរបស់បងប្អូន និង ជាប្រភពផ្តល់នូវទឹកប្រើប្រាស់ ហើយក៏ជាតំបន់ដែលមានសក្តានុពលមួយដ៏សំខាន់នៃខេត្តសៀមរាប ក្រៅពីប្រាង្គប្រាសាទ គឺរមនីយដ្ឋានធម្មជាតិ ដែលបានកំពុងទាក់ទាញដល់ភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ហើយក៏ផ្តល់នូវផលប្រយោជន៍ដល់បងប្អូនក្នុងតំបន់នេះផងដែរ ។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក ឃុំ បានធ្វើការដោះស្រាយបានជាបន្តបន្ទាប់ អំពី ផ្លូវថ្នល់ ភ្លើងអគ្គិសនី និង មណ្ឌលសុខភាព រួមទាំងបន្តធ្វើការដោះស្រាយជាបន្តទៀតផង ។

នៅក្នុងឱកាសបុណ្យនោះ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ នាំយកអំណោយសទ្ធាដ៏ថ្លៃថ្លា នៃសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមកសាងទីវត្តបន្ត នូវបច្ច័យ២០លានរៀល និង គណៈអភិបាលខេត្តសៀមរាប ១លានរៀល សម្រាប់វត្តស្រះដូនរីករាយ ហៅវត្តស្រះដូនរីក ព្រមទាំងឧបត្ថម្ភដល់សីលវ័ន្តសីលវន្តី សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ៕