លោកជំទាវ មិថុនា ភូថង បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង


ថ្ងៃចន្ទ ៦ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុងក្រោមអធិបតីភាព របស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី អភិបាលរងខេត្ត និងសមាជិក សមាជិកា ចំនួន ៣៧៨ នាក់។

លោកជំទាវ បានមានប្រសាសន៍ សូមចូលរួមអបអរ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងធ្វើជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៣ និងបញ្ចប់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ សូមបងប្អូនចូលរួមបំពេញកាតព្វកិច្វ អោយបានគ្រប់ៗគ្នា។ តាមរយៈអង្គសន្និបាតនាពេលនេះ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការស៊ីវិលទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត សម្រេចបាននូវស្នាដៃធំៗជាច្រើន រួមចំណែកជំរុញដល់ការអភិវឌ្ឍខេត្តកោះកុង អោយប្រែមុខមាត់ថ្មី គួរជាទីមោទនៈ។ ដោយផ្អែកតាមទិសដៅការងារប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត យើងមានមោទនៈភាពជាខ្លាំង ដោយបានសហការគ្នា អនុវត្តប្រកបដោយជោគជ័យ នូវកិច្ចការធំៗមួយចំនួន រួមមាន :
-វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ យើងបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការដឹកនាំ បញ្ជាកម្លាំងការពារ និងបង្ក្រាបបទល្មើស អំពើចោរកម្ម សកម្មភាពក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ចាត់វិធានការផាកពិន័យបទល្មើសពាក់ព័ន្ធច្បាប់ចរាចរជើងគោក។ល។ ដោយរក្សាបាននូវសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសយើងការពារបានបូរណភាពដែនដី ធានាសន្តិសុខ ស្ថេរភាពនៅតាមបន្ទាត់ព្រំដែនជាមួយ ប្រទេសជិតខាង។ ម្យ៉ាងទៀតតាមរយៈនៃការចាត់តាំអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អជ្ញាធរខេត្ត ក៏ដូចជាក្រុង ស្រុក និងឃុំ សង្កាត់ បានអនុវត្តប្រដបដោយការយកចិត្តទុកដាក់ខ្ពស់។
-អំពីការពង្រឹងរបៀបរបបការងារ និងប្រសិទ្ធភាពការងារ៖រដ្ឋបាលខេត្ត ក៏ដូចជាក្រុង ស្រុក ឃុំ សង្កាត់ដែរ ជានិច្ចកាលគឺបានយកច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ធ្វើជាមូលដ្ឋានសម្រាប់អនុវត្តការងាររបស់ខ្លួនជាប្រចាំ។ បច្ចុប្បន្ននេះ យើងមានច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់សម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។ ទន្ទឹមនោះ លិខិតបទដ្ឋានក្រោមច្បាប់មួយចំនួន ត្រូវបានដាក់ចេញជាបន្តបន្ទាប់ សំដៅធានាប្រសិទ្ធភាពក្នុងការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
-អំពីសាមគ្គីភាពផ្ទៃក្នុង មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធរបស់យើង មានសាមគ្គីភាពគ្នាល្អ ហើយសុទ្ធតែកាន់នូវអត្តចរិកថ្លៃថ្នូរ ជិតស្និទ្ធជាមួយប្រជាជន ធ្វើអោយប្រជាជនមានភាពកក់ក្តៅ ជាពិសេសបានផ្តល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ៕