ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានប្រារព្វពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ហើយពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាប្រមាណជាង ៤០០នាក់។

ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានសម្តែងនូវកិច្ចស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតនាថ្ងៃនេះ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់កាន់តែត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ដើម្បីរួមគ្នាជាកំលាំងនិងឆន្ទះតែមួយក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។