នៅព្រឹកនេះ លំហាត់​នាគ​មាស​ ២០១៩ រវាងកម្ពុជា-ចិន ចាប់ផ្តើមបើកជាផ្លូវការ​


(ភ្នំពេញ)៖ លំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងទ័ពកម្ពុជា និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ​ហើយ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​របស់​កងពល​តូច​លេខ​៧០​ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ​ឃុំត្រពាំងរាំ​ង​ ស្រុកជុំគីរី​ ខេត្តកំពត​។

ពិធីបើក លំហាត់នាគមាស ឆ្នាំ២០១៩ បានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង ឧត្តមសេនីយ៍ទោ ហ្វេង ស៊ាង (Feng Xiang) នាយរងសេនាធិការ កងទ័ពជើងគោគ នៃតំបន់យោធភូមិភាគខាងត្បូង របស់កងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ អនុព័ន្ធយោធា អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

តាមរបាយការណ៍បានបង្ហាញថា លំហាត់​ហ្វឹក​ហ្វឺននេះ​ មានក​ងទ័ពរំដោះ​ប្រជាជន​ចិន​ចូលរួម​ចំនួន២៥២នាក់ និង​មានកងទ័ពកម្ពុជា​ចំនួន២.៥៤២​នាក់ ​ក្នុង​នោះមាន៖​ កម្លាំង​ធ្វើលំហាត់​ចំនួន​៣៨២នាក់​, កម្លាំ​ងបម្រើការ​ក្នុង​លំហាត់​ចំនួន​៤៤៨នាក់,​ កម្លាំង​ចូល​រួមក្នុ​ងពិ​ធីបើក​-បិទ ​ចំនួន​១.៦៨៥​នាក់​។ លំហាត់នេះមានរយៈពេលជិត១ខែ ដោយនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាត អ្នក​នាំពាក្យក្រ​សួងការពារ​ជាតិ​កម្ពុជា ​បាន​ឲ្យដឹងថា លំហាត់ហ្វឹ​កហ្វឺ​ននាគមាស​ ឆ្នាំ២​០១៩ ​ធ្វើ​ឡើងដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិកា​រល្អ​រវា​ងក​ងយោធពល​ខេមរ​ភូមិន្ទ​ ជា​មួយកង​ទ័ពរំដោះប្រជាជន​ចិន​ ដើម្បីផ្លា​ស់​ប្តូរបទពិសោធន៍​លើកិច្ចការ​មនុស្សធម៌ ​ការ​ជួយ​សង្គ្រោះ​គ្រោះម​ហន្តរាយ ​ការ​ប្រឆាំង​ភេវរកម្ម​ ការ​រក្សាសន្តិភាពផងដែរ​។

សូមបញ្ជាក់ថា កម្ពុជា-ចិន បានធ្វើលំហាត់នាគមាសចំនួន២លើករួចមកហើយ នៅក្នុងទឹកដីខេត្តកំពតនេះ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុន។

អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក​, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕