ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ


(សៀមរាប)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំប្រទេសថៃ រួមទាំងមានការចូលរួម ពីគណៈប្រតិភូមកពីប្រទេសក្នុងតំបន់ មហាអនុតំបន់មេគង្គ រួមមាន ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារADB អង្គការ DFAT និងអង្គការ GIZ ។

កិច្ចប្រជុំពិភាក្សាថ្នាក់មន្ត្រីជាន់ខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាបញ្ចប់លើឯកសារសំខាន់ៗមួយចំនួនទាក់ទង នឹងការបន្ថែមខ្សែផ្លូវ និងច្រកទ្វារឆ្លងកាត់ព្រំដែនមួយចំនួនទៀត និងពិភាក្សាបញ្ចប់លើសេចក្ដីព្រាងនៃការបន្ត អនុស្សរណៈយោគយល់លើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈទាំងនោះ ស្របតាមការសម្រេច របស់គណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

អង្គប្រជុំនេះបានឯកភាព កំណត់ផែនការចរចា បញ្ចប់ការកែប្រែ និងអនុវត្តកិច្ចព្រមពៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន កំណែទី២ CBTA.2 នៅឆ្នាំ ២០២៣ និងសុំការអនុម័តអំពីរដ្ឋមន្ត្រីដឹកជញ្ជូន ឬគណកម្មការរួម នៃកិច្ចព្រមព្រៀងដឹកជញ្ជន ឆ្លងកាត់ព្រំដែនមហាអនុតំបន់មេគង្គ GMS ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គនេះ ប្រព្រឹត្តទៅនៅលើទឹកដីខេត្តសៀមរាប មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីរដ្ឋមន្រ្តីដឹកជញ្ជូនប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី ADB អង្គការ DFAT និងអង្គការ GIZផងដែរ៕