ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ៥៤


នាព្រឹកថ្ងៃ ច័ន្ទ ៦ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ីម កា សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៥៤ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន ៩០ នាក់ (ស្រី ១៦ នាក់) ។

ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ជូនដល់វគ្គសិក្សាទាំងមូលក្នុងមនោសញ្ចេតនានឹករឭក និងកក់ក្តៅក្រៃលែង ។
នាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា ការបើកវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្ស គឺជាគោលការណ៍ដ៏ចម្បងមួយរបស់គណបក្ស ដែលគណបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ។ វគ្គអប់រំនយោបាយ ក៏ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សដែលមិនអាចខ្វះបានផងដែរ ។ ដើម្បីសម្រេចបានជោគជ័យនូវបុព្វហេតុរបស់គណបក្សក្នុងការកសាង និងការពារមាតុភូមិ គណបក្សត្រូវមានធនធានមនុស្សដែលមានសមត្ថភាព មានគុណធម៌ និងមានស្មារតីខ្ពស់ក្នុងការអនុវត្តភារកិច្ចនយោបាយរបស់គណបក្សក្នុងដំណាក់កាលនីមួយៗ ។ ដូច្នេះវគ្គអប់រំនយោបាយនៅពេលនេះ ដែលនឹងបង្កើតការយល់ដឹងរបស់សិក្ខាកាមអំពីប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់គណបក្ស , អំពីលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់គណបក្ស , អំពីសភាពការណ៍កម្ពុជា និង បណ្តាភារកិច្ចចំពោះមុខ ព្រមទាំងការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្រ្តីគណបក្ស គឺក្នុងគោលដៅពង្រឹងជួរមន្រ្តីយើងឲ្យមានការឯកភាពខ្ពស់ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពសំដៅធានាអនុវត្តឲ្យបានសម្រេចនូវរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន និងក្លាយជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងនូវចំណុចមួយចំនួនដល់វគ្គសិក្សា ក៏ដូចជាសិក្ខាកាម ដូចខាងក្រោម ៖

១. សូមគណៈឃោសនាអប់រំយកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធនឹងវគ្គសិក្សានេះឲ្យបានល្អ និងឲ្យមានប្រសិទ្ធភាពក្នុងការកសាងពង្រឹងធនធានមនុស្សរបស់គណបក្ស ។

២. សូមគណៈគ្រប់គ្រងវគ្គយកចិត្តទុកដាក់ដឹកនាំ និងគ្រប់គ្រងការសិក្សាឲ្យបានល្អ និងឲ្យទទួលបានលទ្ធផលខ្ពស់ស្របតាមកម្មវិធីដែលបានគ្រោងទុក ។

៣. សូមឯកឧត្តមជាគ្រូឧទ្ទេសនាម យកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងចំណេះដឹងផ្ទាល់ខ្លួន ផ្ទេរទៅឲ្យសិក្ខាកាមដែលជាអ្នកបន្តវេន ជាអ្នកកសាង និងអភិវឌ្ឍគណបក្សទៅអនាគត ។

៤. សូមសិក្ខាកាមទាំងអស់អត់ធ្មត់ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យរបស់វគ្គ សាមគ្គីជិតស្និទ្ធរវាងសិក្ខាកាម និងសិក្ខាកាម សាមគ្គីល្អជាមួយមន្រ្តី បុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តិយសផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងជាកិត្តិយសសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលយើងកំពុងបំពេញភារកិច្ច ។