សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងបើកទីផ្សារពលកម្មសម្រាប់ពលករ នៅតាមបណ្ដាប្រទេសមួយចំនួនទៀត


ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងទីផ្សារពលកម្មក្រៅ ប្រទេសដែលមានស្រាប់ ហើយនោះ កម្ពុជាកំពុងបើកទីផ្សារពលកម្មសម្រាប់ពលករ ដូចជានៅ អារ៉ាប៊ីសាអូឌីត កូវ៉ែត បារ៉ែន កាតា និងប្រទេសដទៃទៀតនៅឈូងសមុទ្រពែក ដើម្បីឱ្យពលករមានការងារធ្វើ និងប្រាក់ខែសមរម្យ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិត ចំនួន៣៨២៩នាក់ នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ថ្លែងថា នៅប្រទេសម៉ាឡេស៊ី យើងបានផ្អាកទាក់ទិនជាមួយនឹងបញ្ហាជាមួយពលករជាស្ត្រី ឯនៅប្រទេសសិង្ហបុរីយើងកំពុងតែសាកល្បង។ ចំពោះនៅប្រទេសថៃភាពមិនស្របច្បាប់ដែលពលករយើងបានទៅធ្វើការនៅទីនោះ យើងបានប្រឹងប្រែង ដើម្បីឱ្យបងប្អូនពលកររបស់យើងរស់នៅ និងធ្វើការដោយស្របច្បាប់ តែមិនត្រូវភ្លេចថាថៃបានបញ្ជូនពលកររបស់គេទៅកូរ៉េខាងត្បូង ទៅតៃវ៉ាន់ និងទៅមជ្ឈិមបូព៌ា ដើម្បីទៅរកប្រាក់ខែខ្ពស់ជាង។ ឯខ្វះពលករនៅខាង ក្នុងប្រទេស គឺគេប្រើពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ហ្វីលីពីនមានប្រជាជនជាង១០លាននាក់ សម្រាប់ទៅធ្វើការនៅក្រៅប្រទេស ឥឡូវគ្រាន់តែធ្វើការនៅកម្ពុជាមានប្រមាណជាង១ម៉ឺននាក់។
សម្ដេចតេជោបន្តថា ចំណុចដែលទាក់ទិន និងការប្រកួតប្រជែង គឺនៅពេលខាង មុខនេះ កម្មករ កម្មការិនីរបស់ យើងនៅតាមរោងចក្រសហគ្រាសទាក់ទងនិងវិស័យកាត់ដេរ និងស្បែកជើង ក្មួយៗទាំងឡាយត្រូវចាំថា ខិតខំ រក្សាការងាររបស់យើង ដែលបាននិងកំពុងមានសព្វថ្ងៃនេះ។ ប្រទេសដែលនឹងទាញយករោងចក្រចេញពីយើង មានប្រទេសមីយ៉ាន់ម៉ាដែលប្រាក់ខែអប្បបរិមា កម្មករប្រហែល៨០ ដុល្លារអាម៉េរិក នៅប្រទេសឡាវ ១០០ដុល្លារ នៅបង់ក្លាដេសតំបន់ឧស្សាហកម្មរបស់ជប៉ុន ប្រាក់ខែកម្មករត្រឹមតែ៧០ ដុល្លារទេ អីចឹង រោងចក្រអាចចេញផុត ពីប្រទេសរបស់យើង។ ដូច្នេះយើងត្រូវពង្រឹងនូវសមត្ថភាពបច្ចេកទេសចំពោះកម្មករដែលមានស្រាប់ ដើម្បី ធ្វើឱ្យផលិតផលកាន់តែខ្ពស់ទៅៗ គុណភាពកាន់តែល្អដើម្បីយើងរក្សាបណ្ដារោងចក្រនៅកម្ពុជា បូកបន្ថែម នូវការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ទទួលយកនូវការវិនិយោគថ្មីៗក្នុងវិស័យឧស្សាហកម្ម និង វិស័យដទៃទៀត ដូចជាសេវា ឬបញ្ហាកសិកម្ម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរអំពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកការងារឱ្យប្រជាពលរដ្ឋធ្វើគឺមិនត្រឹមតែនៅក្នុង ប្រទេសទេ បានទាក់ទងទៅប្រទេសក្រៅមួយចំនួន ដើម្បីបងប្អូនពលកររបស់យើងបានរស់នៅនិងធ្វើការងារស្របច្បាប់ ទទួលបានប្រាក់ខែល្អសមរម្យ។ ប្រទេសណាក៏ដោយគឺគេតែងតែរកឱកាសការងារដល់ពលរដ្ឋគេធ្វើនៅបរទេស ហើយសូម្បីតែនៅក្នុងប្រទេសយើង ក៏មានជនជាតិបរទេសមករកការងារធ្វើដែរ។
ក្នុងពិធីនេះដែរសម្តេចតេជោ បានបញ្ជាក់ប្រាប់និស្សិតឡើងវិញផងដែរថា ក្នុងចំណោមគ្រឹះស្ថានបណ្តុះ បណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជនចំនួន១០៦ គឺវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសគឺត្រូវបានកសាងឡើងវិញ ក្រោមជំនួយរបស់អតីតសហភាពសូវៀតក្រោយពីរំដោះបានពីប៉ុលពត ហើយដែលពេលនោះ គឺគ្មាននិស្សិតចូលរៀនទេ។ ព្រោះពេលនោះក៏គ្មានការងារធ្វើច្រើនដែរ។ ប៉ុន្តែពេលនេះមានការងារច្រើនដែលជាតម្រូវការ របស់សិស្សនិស្សិត។ ចំពោះការងារជួសជុលគ្រឿងម៉ាស៊ីនសព្វថ្ងៃគឺងាយរកលុយបានស្រួល មិនមែនជាការងារកំប៉ិកកំប៉ុកទេ។
សម្តេចតេជោបានលើកឡើងអំពីជីវិតតស៊ូរបស់អ្នកជោគជ័យច្រើនដែល ចាប់ផ្តើមពីក្រីក្រ ដូចជារូបសម្តេចផ្ទាល់ និងកីឡាករប្រដាល់ភែកគៅអៅជាដើម។ ដូច្នេះនិស្សិតត្រូវមានការតាំងចិត្តខិតខំរៀនសូត្រ និងព្យាយាមរកការងារធ្វើពីតូចទៅធំ។ ចំពោះការវិវត្ត នៃបច្ចេកវិទ្យា និងសម្ភារប្រដាប់ប្រដារទំនើបៗបច្ចុប្បន្ន ប៉ុន្តែបើធនធាន មនុស្សយើងដើរមិនទាន់មិនទំនើបទៅតាមហ្នឹងដែរគឺប្រាកដជា ធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងារមិនខាន។
នៅក្នុងថ្ងៃបុណ្យអុំទូកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវដល់កីឡាករអុំទូកទាំងអស់សូមចូលរួមថែរក្សា សុវត្ថិភាព សណ្តាប់ធ្នាប់ និងជាពិសេស សូមកុំនាំជំងឺស្រាល (អេដស៍) ចូលផ្ទះហើយមុននឹងមកគឺសូមដាក់ទឹកស្រែឱ្យបានស្រួលបួល៕