សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ជួយជំរុញអ្នកវិនិយោគនិងទេសចរខ្លួន មកកម្ពុជាឲ្យកាន់តែច្រើន


នៅក្នុងឱកាសទទួលជួប សវនាការជាមួយ ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ (Beketzhan Zhumakhanov) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយ លើកទឹកចិត្ត ឲ្យអ្នកវិនិយោគ និងប្រជាជនកាហ្សាក់ ស្ថាន មកពិនិត្យឱកាសវិនិយោគ និងធ្វើទេសចរណ៍ កម្សាន្តនៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែជិតស្និទ្ធ។

សម្តេចប្រធានរដ្ឋសភា បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានបេសកកម្មរបស់ ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ នៅកម្ពុជា។ សម្តេចបានលើកឡើងថា កាហ្សាក់ស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាដ៏យូរលង់រហូតជាង៦ទសវត្សរ៍ ហើយសព្វថ្ងៃត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ សម្តេចបានសង្កត់ធ្ងន់ថា បេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។

ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថានៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេស ទំាងពីរឲ្យបានរឹងមាំបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋបានប្រគល់ជូនសម្តេចនូវលិខិតអញ្ជើញ របស់ ប្រធានរដ្ឋសភាម៉ាជីលីស កាហ្សាក់ស្ថាន ប្រធានសភាឌូម៉ារុស្ស៊ី និងប្រធានសភាសាធារណរដ្ឋកូរ៉េ ដែលគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមក្នុងកិច្ចប្រជុំកម្រិតប្រធានសភា ប្រទេស អាស៊ី-អឺរ៉ុប លើកទី៤ ដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។ សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថានឹងជូនដំណឹងជាផ្លូវការតាមរយៈការទូត នាពេលក្រោយ។

រដ្ឋសភាកម្ពុជា និងកាហ្សាក់ស្ថាន បានកំពុងមានទំនាក់ទំនងយ៉ាងល្អជាមួយជាមួយគ្នានៅក្នុងក្របខណ្ឌទ្វេភាគីនិងពុហភាគី។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថាសភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាហូហែរ តាមរយៈ ការចូលរួមវេទិកាសភាអន្តរជាតិផេ្សងៗ ដែលសភា ប្រទេសទាំងពីរជាសមាជិកជាមួយគ្នា មានជាអាទិ៍ៈ អាយភីយូ (IPU) អេភីអេ (APA) និង អាសឹប (ASEP)…ជាដើម។ឆ្លៀតឱកាសនោះសម្តេចបានគោរពអញ្ជើញសភា កាហ្សាក់ស្ថាន ចូលរួមកិច្ចប្រជុំ ASEP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ ខាងមុខនេះផងដែរ៕