អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ក្នុងក្រុងស្ទឹងត្រែង


នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីធ្លាមុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ”។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជននិងប្រជាពលរដ្ឋ សរុបប្រមាណចំនួន ១.០០០នាក់។

ក្នុងឱកាសនោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត អាននូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ”ជូនអង្គពិធី។ ទន្ទឹមនឹងនោះឯកឧត្តម បានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពក្រុងស្ទឹងត្រែង ជាមួយនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨-២០២១ ព្រមទាំងបានអំពាវនាវដល់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាមតែមួយមុខនោះទេ ត្រូវគិតទៅលើកត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិសាធារណៈ។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្រោះបើទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព ព្រមទាំងទាក់ទាញទេសចរណ៍ចូលមកកំសាន្តសប្បាយ រឺស្នាក់នៅក្នុងខេត្ត បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ្តផងដែរ។ បន្ទាប់មក់ អង្គពិធីទាំងមូលបានធ្វើសកម្មភាពសំអាតអនាម័យបរិស្ថានក្នុងក្រុងស្ទឹងត្រែង ថែមទៀតផងដែរ៕