ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ប្រធានគណៈពង្រឹងមូលដ្ឋានឃុំកំពង់ស្វាយ និងជាអនុប្រធានទី២ គណៈពង្រឹងស្រុកគៀនស្វាយ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ សរុបចំនួន២២នាក់ និងឈ្វេងយល់អំពីសភាពការណ៍នៃការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។

អង្គពិធីប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥.៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរ និងប្រជាការពាភូមិ នៅក្នុងឃុំកំពង់ស្វាយ ត្រូវខិតខំទប់ស្កាត់អំពើបទល្មើស និងកុំឲ្យមានបញ្ហាប្រឈមនានាកើតឡើងក្នុងឃុំ និងការពារថែរក្សាអាយុជីវិតជូនប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ឃុំកំពង់ស្វាយទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត កុំឱ្យមានអំពើហិង្សាកើតឡើង។

ជាមួយគ្នានោះដែរ​ ឯកឧត្តម​ បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ និងប្រជាការពាភូមិ ចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៊ឺនរៀល ដែលចំណាយថវិកាសរុបចំនួន១,១០០,០០០​រៀល។