ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចព្រះសុគន្ធវារីប្រគេនព្រះអនុគណខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ


រាជធានីភ្នំពេញ: រសៀលថ្ងៃសុក្រ ១០ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតីរួមជាមួយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្មុងពិធីតែងតាំង និងស្រោចសុគន្ធវារីប្រគេនព្រះមង្គលរក្ខិតរតនប្បជ្ជោតិ ឃឹម សម្បត្តិជាព្រះចៅអធិការវត្ដសុវណ្ណរង្សី ឲ្យឡើងទីជាព្រះអនុគណខណ្ឌឬស្សីកែ។
ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមទេសរដ្ឋមន្រ្តី សូមចូលរួមអបអរសាទរ ជាមួយព្រះមង្គលរក្ខិត រតនប្បជ្ជោតិ ឃឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ ដែលទទួលបានការតែងតាំងនូវសមណសក្តិដ៏សក្តិសមនាពេលនេះ ។ ប្រការនេះ គឺជាការលើកទឹកព្រះទ័យដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងព្រះកាយ និងព្រះបញ្ញាញាណ ចូលរួមក្នុងសកម្មភាពផ្សេងៗ សម្រាប់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាក្នុងសង្គមជាតិទាំងមូល ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមក។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃសាលារាជធានីភ្នំពេញ សាលាខណ្ឌឬស្សីកែវ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដែលបានសហការយ៉ាងល្អ ជាមួយសាលាគណរាជធានីភ្នំពេញ ក្នុងការរៀបចំពិធីនេះឡើងបានយ៉ាងល្អប្រសើរ ដូចអង្គពិធីទាំងមូលបានឃើញនៅក្នុងទីនេះស្រាប់ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញា ពិតជានៅចងចាំ ឬធ្លាប់បានឮពីរបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺនៅក្នុងរបបនោះ ជំនឿសាសនាទាំងអស់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំគ្មានសល់ វត្តអារាម ព្រះវិហារ ត្រូវបានប្រែក្លាយជាឃ្លាំង ជារោងបាយ កន្លែងចិញ្ចឹមសត្វ។ ក្នងដំណាក់កាលនោះហើយ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលហ៊ានក្រោកឈរឡើងតស៊ូ និងបូជាអ្វីៗគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសឱ្យរួចផុតពីរបបខ្មៅងងឹត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាយើង បានវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា ។ នៅពេលនោះ ពិតមែនតែយើងនៅមានសុខភាពទ្រុឌទ្រោម ស្គមស្គាំង និងមានជម្ងឺដង្កាត់គ្រប់ប្រភេទក៏ដោយ ក៏យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ធ្វើការប្រមែប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរដល់កម្រិតសូន្យ។
យើងបានរួមគ្នាធ្វើការជួសជុល និងកសាងឡើងវិញជាបន្តបន្ទាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹក ព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈផ្សេងៗក្នុងទីអារាម។ ចំនួនសាលារៀន និងវត្តអារាម មានការកើនឡើង ផ្លូវថ្នល់ សំណង់ធារាសាស្ត្រ ត្រូវបានស្តារជួសជុល និងកសាងជាថ្មី។ រាជរដ្ឋាភិបាល បានខិតខំធ្វើសាលារៀន និងវត្តអារាមឱ្យខិតកាន់តែទៅជិតជាមួយនឹងលំនៅដ្ឋានរបស់ប្រជាជន សំដៅធ្វើយ៉ាងណាសម្រួលដល់ការរៀនសូត្ររបស់កុមារ និងជូនលោកយាយ លោកតា និងបងប្អូនប្រជាជនបានធ្វើបុណ្យសន្សំកុសលនៅក្បែរផ្ទះ ដោយពេញដៃពេញជើង ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ។ លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាលំដាប់ ដោយសព្វថ្ងៃនេះ យើងមានសាលាធម្មវិន័យ ចាប់តាំងពីថ្នាក់ត្រី ទោ និងឯក និងមានសាលាពុទ្ធិកសិក្សាពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យ ថែមទៀតផង ។ ដែលប្រការនេះ បញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់ពុទ្ធសាសនិក និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ។ ការទទួលបាន នូវសមិទ្ធិផលទាំងនេះ បង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជនយើងគ្រប់ៗគ្នា និងការចេះរួបរួមសាមគ្គី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។