កិច្ចប្រជុំបច្ចេកទេសក្រុមការងារទី​ ០៤ គយ-សហគ្រាសធុនតូចនិងមធ្យម នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា


នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក នាសាលប្រជុំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំបច្ចេកទេសក្រុមការងារទី​ ០៤ “គយ-សហគ្រាសធុនតូចនិងមធ្យម” ក្រោមអធិបតីភាព លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារទី ០៤“គយ-សហគ្រាសធុនតូចនិងមធ្យម” តំណាងផ្នែករដ្ឋាភិបាល​ និងវត្តមាន លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាជាសហប្រធានក្រុមការងារទី ០៤“គយ-សហគ្រាសធុនតូចនិងមធ្យម” តំណាងផ្នែកឯកជន និងមានវត្តមាន មន្ត្រីគយ សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងបណ្តាតំណាងក្រុមហ៊ុនឯកជនជាច្រើនទៀត។
យ៉ាងណាមិញ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាដោះស្រាយទៅលើបញ្ហាដែលបានលើកឡើងដោយផ្នែកឯកជនដែលមានដូចជា៖ ១ ការនាំចូលនូវផលិផលក្រៅប្រទេស (copy) ដែលស្ទើរតែដូចគ្នា ៩៥% នឹងផលិតផលក្នុងស្រុក និងមានការប្រកួតប្រជែងលើតម្លៃ ២ ទំនិញនាំចូលគេចពន្ធ ៣ ការស្នើសុំនាំចូលទំនិញនៅមាត់ច្រកមានភាពស្មុគស្មាញ ៤ ការលើកទឹកចិត្តផ្នែកពន្ធនាំចូលគ្រឿងម៉ាស៊ីនបំរើការងារផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម ៥ សម្រួលនីតិវិធីគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម ៦ ការចុះឈ្មោះក្នុងប្រព័ន្ធគយ ៧ ការលើកទឹកចិត្តផ្នែកពន្ធគយ​ និងអាករសំរាប់ការផលិត ឬតម្លើងរឺម៉ងសណ្តោងក្នុងស្រុកដោយប្រើប្រាស់វត្ថុធាតុដើមដែលនាំចូលហើយបានបង់ពន្ធត្រឹមត្រូវ។
កិច្ចប្រជុំនេះបានបិទបញ្ចប់នៅវេលាម៉ោង ១២​:០០ នាទីរសៀល នាថ្ងៃខែ និងឆ្នាំដដែរ ក្រោមបរិយាកាស រីករាយ យោគយល់
ប្រកបដោយផ្លែផ្កា។