ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការដ្ឋាន ស្តារអាងទឹកឈ្វាំង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់


ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការដ្ឋាន ស្តារអាងទឹកឈ្វាំង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ មានទីតាំងស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដោយពិនិត្យឃើញអាងទឹកឈ្វាំង ប្រើប្រាស់មិនគ្រប់គ្រាន់ ជួបនូវការខ្វះទឹកសម្រាប់ស្រោចស្រពបន្ថែមនៅដើមរដូវ ចុងរដូវ កសិផលទទួលបានមិនឆ្លើយតបតាមតម្រូវការ តំរូវឱ្យមានការ ស្តារអាងទឹកឈ្វាំងបន្ថែម ដើម្បីធ្វើការពង្រីកវិសាលភាពអាងទឹកឈ្វាំង សម្រាប់ប្រើប្រាស់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ផ្នែកខាងក្រោម នៅរដូវប្រាំង និងប្រើប្រាស់ប្រចាំថ្ងៃ ។ ការងារកំពង់អនុវត្តគម្រោង គឺ ៖ -ស្តារបន្តអាងទឹកឈ្វាំង ប្រវែង២៥០ម៉ែត្រ x ១៨ម៉ែត្រ x ៣,៥០ម៉ែត្រ -សាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ (ទ្វារ៨) ចំនួន ០១ កន្លែង ។ សូមបញ្ជាក់ថាទំនប់អាងទឹកឈ្វាំងទាំងមូល ពេលស្តាររួចបូកបន្ថែមនិងអាងទឹកដែលមានក្រសួងធនធានទឹក និងឧតុនិយម បានស្តារឆ្នាំកន្លងមកសរុបទំនប់អាងទឹកមានប្រវែង ៩២០ម៉ែត្រ x ៥២៨ម៉ែត្រ មានលទ្ធភាពអាចស្តុកទឹក បានប្រមាណ ១.២០០.០០០ម៉ែត្រគូប ។