លោកជំទាវ មិថុនា ភូថង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ស្រី សួន ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩ នៅខេត្តកោះកុង


ថ្ងៃអង្គារ ១៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩ នៅខេត្តកោះកុង។

លោកជំទាវ បានលើកឡើងថា សម្បត្តិវប្បធម៌កើតចេញពីការខិតខំប្រឹងប្រែងរបស់បុព្វបុរសយើង គឺជាដួងព្រលឹង និងអត្តសញ្ញាណជាតិ ជាមរតកប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីសម័យបុព្វបុរសយើង មកដល់បច្ចុប្បន្នអោយបានគង់វង្ស សម្រាប់សម្គាល់អត្តសញ្ញាណ និងដួងព្រលឹងជាតិមរតកដ៏ថ្លៃថ្លា។ “យុវជន ដើម្បីវប្បធម៌” ក្នុងគោលបំណងជម្រុញអោយប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ចូលរួមអនុវត្ត អោយកាន់តែសកម្មថែមទៀត ដូចជា :
-លើកកម្ពស់មនសិកា និងមានស្មារតី និងទទួលនូវចំណេះដឹង ជំនាញ បច្ចេកទេសសិល្បៈវប្បធម៌ សំដៅជម្រុញការអភិវឌ្ឍ និងការអភិវឌ្ឍវប្បធម៌ជាតិ។
-បង្កើនការយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយថាមពលខ្ពស់។
-លើកទឹកចិត្តអោយមានការចូលសិក្សា ស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកអោយបានគង់វង្ស នូវឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ។
-លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្ត ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន។
-ជម្រុញអោយមានការចូលរួម ដោយការទទួលខុសត្រូវរបស់យុវជន ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព៕