ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម


នៅទីស្តីការក្រសួងបរិស្ថានថ្ងៃពុធ ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បី ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតតំបន់ សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ នៅលើផ្ទៃដី ទំហំ ២១៤ ហិកតា ដែលមានទីតាំង ស្ថិតនៅភូមិ សំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល របស់ក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមេន ខូអិលធីឌី ដែលបានសិក្សាវាយតម្លៃដោយក្រុម ហ៊ុន ទីប្រឹក្សា ជី អាយ ជី ប៊ី ប៊ីហ្សនេស អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី ។

កិច្ចប្រជុំនេះ បានសម្រេចលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
១. គាំទ្រចំពោះ គម្រោងវិនិយោគនេះ ពីព្រោះគម្រោងនេះ នឹងរួមចំណែកក្នុងការបង្កើត ការងារ ដល់ប្រជាជន ក្នុងតំបន់ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ ទាញវិនិយោគិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា

២. ដោយសារទីតាំងគម្រោង ស្ថិតជាប់ នឹង ទន្លេមេគង្គ ដូច្នេះស្នើឱ្យក្រុមហ៊ុនម្ចាស់គម្រោង ត្រូវគិតគូរឱ្យបានល្អិតល្អន់ នូវចំណុចដូចខាងក្រោម៖
• ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានមុនពេលប្រតិបត្តិគម្រោង ព្រមទាំងគ្រប់ គ្រងសំណល់រាវ ឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស
• ត្រូវបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវប្រភេទក្រុមហ៊ុនដែលនឹងចូលមកវិនិយោគ នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ
• ចំពោះក្រុម ហ៊ុន ឬ រោងចក្រ ដែលចូលមក វិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវធ្វើការសិក្សា និងវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានដាច់ដោយឡែក
៣. ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង សំរាម ក្រុមហ៊ុនម្ចាស់គម្រោងត្រូវអនុវត្តដូចខាង ក្រោម៖
• កំណត់ ទីតាំងទុកដាក់សំណល់រឹង ឱ្យបានច្បាស់លាស់
• សហការជាមួយក្រុមហ៊ុនប្រមូល សំណល់រឹង សំរាម ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បី ដឹកសំណល់ទាំង នោះ ចេញពីទីតាំងគម្រោង
• ត្រូវ គោរព តាម គោលការណ៍ 3R សម្រាប់ ការ គ្រប់ គ្រង សំណល់ រឹង សំរាម ដោយ ការ ញែក សំណល់ទាំងនោះ តាមប្រភេទ សំណល់ ការកែច្នៃឡើងវិញនិងការប្រើប្រាស់ ឡើង វិញហើយបើអាចឈាមដល់ការគ្រប់គ្រងមិនឱ្យមានសំណល់រឹង សំរាមទៀត នោះ កាន់តែប្រសើរ
៤. ក្រុមហ៊ុនត្រូវគិតគូរអំពី សុខភាព និង សុវត្ថិភាព របស់បុគ្គលិក កម្មករ ដោយគោរព តាមច្បាប់ ស្តីពីការងារ និង ត្រូវចុះបញ្ជី ប.ស.ស សម្រាប់ បុគ្គលិក កម្មករទាំងអស់
៥. ក្រុមហ៊ុនត្រូវបង្កើតអាហារដ្ឋានសម្រាប់បុគ្គលិក-កម្មករ ទទួលបានអាហារនិង ឈប់សម្រាក
៦. ក្រុមហ៊ុនត្រូវគិតគូរដល់ស្ត្រីមានផ្ទៃពោះ ដោយបង្កើតឱ្យមានកន្លែងសង្គ្រោះ បឋមនៅតំបន់នោះ
៧. ដោយសារទីតាំងគម្រោង ស្ថិតនៅជាប់ផ្លូវជាតិ លេខ១ ដូច្នេះក្រុមហ៊ុនម្ចាស់ គម្រោងត្រូវគិតគូរឱ្យបានល្អិតល្អន់ អំពីកន្លែងចតរថយន្តដឹកកម្មករ បញ្ហាកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍
៨. ក្រុមហ៊ុនត្រូវរក្សាទុក ផ្ទៃដី បៃតង ឱ្យបានយ៉ាងតិចណាស់ ៣0ភាគ រយ នៃផ្ទៃដី វិនិយោគសរុប

៩.ក្រុមហ៊ុន ត្រូវចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជនដែលនៅរស់ នៅជុំវិញ តំបន់នោះ

១០. ជាទីបញ្ចប់ សូមគាំទ្រ និង លើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុនដែលមានគំនិត ផ្តួច ផ្តើម កែ ច្នៃ ទឹកចេញពីអាងប្រព្រឹត្តិកម្មសំណល់រាវដើម្បីយកទៅស្រោច ស្រព ដំណាំ និង រុក្ខជាតិ នៅក្នុងតំបន់គម្រោង។
គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានការ ចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងតំណាង ក្រសួង ពាក់ព័ន្ធ ជាច្រើនរូបចូលរួម។