សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា


សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ បាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៥។

បន្ទាប់ពីបានពិភាក្សា តាមនីតិវិធីកិច្ចប្រជុំបានអនុម័ត ដោយ មានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់ លោកជំទាវ គឹម សុវណ្ណា ជាតំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ប៉ា សុជាតិវង្ស ដែលបានសុំលាលែង។ ការប្រកាសសុពលភាពនៃអាណត្តិរបស់ លោកជំទាវ គឹម សុវណ្ណា ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។

២- អង្គប្រជុំបានអនុម័តយល់ព្រមជ្រើសតំាងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខធ្វើការបោះឆ្នោតជ្រើសតាំង។

៣- អង្គប្រជុំបានអនុម័តយល់ព្រមជ្រើសតំាងឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខធ្វើការបោះឆ្នោតជ្រើសតាំង។

៤- អង្គប្រជុំបានអនុម័តយល់ព្រមទទួលយកបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិថ្មី ឆ្នាំ(២០១៩-២០២៨) ចំនួនមួយរូប ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខ ធ្វើការបោះឆ្នោតជ្រើសតំាង។

៥- អង្គប្រជុំបានអនុម័តយល់ព្រមលើ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងលើកទី២ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋាន រដ្ឋសភា ធ្វើការបញ្ចូលសកម្មភាពរដ្ឋសភាបន្ថែម រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាពេលខាងមុខ៕