ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូឥណ្ឌាអញ្ជេីញទៅទស្សនកិច្ចទីតាំងគម្រោងសាកល្បងភូមិឌីជីថលនៅស្រុកទ្រាំង និងសាខាទូរគមនាគមន៍កម្ពុជា ខេត្តតាកែវ


ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូឥណ្ឌាអញ្ជេីញទៅទស្សនកិច្ចទីតាំងគម្រោងសាកល្បងភូមិឌីជីថលនៅស្រុកទ្រាំង និងសាខាទូរគមនាគមន៍កម្ពុជា ខេត្តតាកែវ ដោយមានការអមដំណើរពីក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួងគមនាគមន៍ឥណ្ឌា និងមន្ត្រីរាជការក្នុងមូលដ្ឋានផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមសុខ ពុទ្ធិវុធ បានបង្ហាញជូនប្រតិភូឥណ្ឌាពីស្ថានភាពភូមិឃុំ ហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់ការបង្កើតភូមិឌីជីថល និងសេវាសាធារណ:ដែលមានក្នុងស្រុកទ្រាំងមានដូចជាមណ្ឌលសុខភាព សាលារៀន ជាដើម។ល។ ដែលសេវាទាំងនេះ នឹងកាន់តែទំនើបបន្ថែមទៀតដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ នៅពេលអ៊ីនធឺណិតល្បឿនលឿនត្រូវបានបំពាក់ទៅដល់ភូមិឃុំ។

នៅពេលខាងមុខជាមួយភូមិឌីជីថល គេនឹងអាចប្រើប្រាស់នូវសេវាបង្រៀនពីចម្ងាយ ការពិគ្រោះជំងឺពីចម្ងាយ ការគ្រប់គ្រងគ្រោះអាសន្ន ការបែងចែកព័ត៌មានបម្រើដល់ប្រយោជន៍សាធារណ:ទៅដល់ភូមិឃុំ សេវាផ្សេងៗទៀត ដែលសម្រួលដល់ការរស់នៅ និងជួយលើកស្ទួយដល់បែបផែននៃជីវិត ក៏ដូចជាកាត់បន្ថយនូវគម្លាតផ្នែកឌីជីថលរវាងក្រុងនិងជនបទផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូឥណ្ឌាពីចក្ខុវិស័យមួយចំនួន ដោយផ្អែកលើស្ថានភាពជាក់ស្តែងដែលបានបង្ហាញជូននេះ ដើម្បីធ្វើអោយគម្រោងនេះទទួលបានជោគជ័យ ផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់ប្រជពលរដ្ឋ ហើយផ្អែកចេញពីជោគជ័យនៅស្រុកទ្រាំងខេត្តតាកែវ គេអាចពង្រីកគម្រោងនេះ ទៅទីកន្លែងផ្សេងៗទៀត នៅកម្ពុជា។

ប្រតិភូឥណ្ឌាបានសម្តែងការថ្លែងអំណរគុណ និងសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចសិក្សានេះ និងនាំយកនូវធាតុចូលដ៏មានសារ:សំខាន់ៗដែលប្រមូលបានក្នុងបេសកកម្មនេះ ក្នុងការអភិវឌ្ឍនិងអនុវត្តគម្រោងនាពលខាងមុខ។