ព្រះវិហារថ្មី និង សមិទ្ធផលនានា ក្នុងទីវត្តព្រះក្រាល ស្ថិតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានធ្វើពិធីសម្ពោធ និង កាត់ឬសីមា ដាក់ឲ្យប្រើប្រាស់ពុទ្ធានញ្ញាត


ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមការងារខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សីលវ័ន្ត សីលវតី និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

តាមការបញ្ជាក់របស់លោកអភិបាលស្តីទីស្រុកស្វាយលើ បានឲ្យដឹងថា ដើមឡើយវត្តព្រះកាលនេះ ជាទីអាស្រម ហើយបច្ចុប្បន្ននេះ វត្តព្រះក្រាល មានព្រះសង្ឃ១២អង្គ ជាភិក្ខុ ហើយព្រះវិហារនេះបានដំណើការសាងសង់នៅដើមឆ្នាំ២០១៧ ដោយព្រះចៅអធិការវត្ត ព្រះនាម ប្រាក់ សៃ ដឹកនាំកសាង រួមទាំងសមទ្ធិផលនានាក្នុងវត្ត អស់ទឹកប្រាក់សរុប ២៥២ពាន់៥០០ដុល្លា ដោយកម្លាំងសាមគ្គីរបស់សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសសម្ពោធកាត់ឬសីមា និង សមទ្ធិផលនានា ក្នុងទីវត្តព្រះក្រាល ខ្នងភ្នំគូលែន ស្ថិតក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុក ស្វាយលើ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការបាត់បង់ព្រៃឈើ ធ្វើយើងបាត់បង់នូវប្រភពទឹកក្រោមដី លើដី ព្រមទាំងធ្វើបរិស្ថានធម្មជាតិ និងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនៅលើភពផែនដី ទទួលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ និង គ្រោះរាំង ស្ងួតជាដើម ។ ឯកឧត្តមក៏បានលើកផងដែរថា នាពេលខាងមុខនេះ នៅព្រះរាជាណាចក្រកម្ពុជា នៅតាមតំបន់មួយចំនួន នឹងជួបនូវការកង្វះ ទឹកប្រើប្រាស់ប្រចាំថ្ងៃ ដែលធ្វើឲ្យមានការព្រួយបារម្ភផងដែរ ។ ឯកឧត្តមក៏បានជម្រាប់ដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការខ្វែងរកទីប្រភពទឹក និង ថែរក្សាឲ្យបាន ក្នុងការធានាផ្គត់ផ្គង់ជូនដល់បងប្អូនប្រជាពលរដ្ឋ បានប្រើបាស់ប្រចាំថ្ងៃ ។ ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា ដើមី្ប រក្សាឲ្យបាននូវសោភណ្ឌភាពធម្មជាតិនៅលើ ខ្នងភ្នំគូលែន ដែលជាទីកន្លែងទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទខ្មែរយើង ក៏ដូចជាភ្ញៀវទេស ចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត សូមបងប្អូនពុកម៉ែដែលអាស្រ័យផលដោយធនធានធម្មជាតិនៅខ្នងភ្នំគូលែននេះ សូមបងប្អូនប្រជា ពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីបរិស្ថាន និង អាជ្ញាធរ សមត្ថកិច្ច ក្នុងការថែរក្សានូវធនធានធម្មជាតិតំបន់ភ្នំគូលែន ឲ្យមានដូចពីសម័យ បុរាណកាល គឺធ្វើការដាំដុះឡើងវិញ កូនឈើទាំងឡាយ ព្រមទាំងធ្វើការអភិរក្សធនធានធម្មជាតិឲ្យបាននូវគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូនពីវិស័យទេសចរណ៍ទៀតផង ។ ម៉្យាងទៀតសូមបងប្អូនកុំស្តាប់នូវការជម្រុញ របស់ក្រុមឈ្មួយខិលខួច ឲ្យបងប្អូនធ្លាក់ចូលទៅក្នុងបទល្មើស ការកាប់ទន្ទ្រានដីព្រៃឈើ នៅលើខ្នងភ្នំគូលែននេះ ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និង ក្រុមការងារខេត្ត សប្បុរសជនជិតឆ្ងាយ ព្រមទាំងព្រះសង្ឃនៅវត្តព្រះក្រាល ដែលមានសន្ធាជ្រះថ្លា សហការកសាងសមិទ្ធផលដែលកំពុងត្រូវបានសម្ពោធនាពេលនេះ។ ឯកឧត្តមក៏បាននាំការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋព្រះសង្ឃ និងសប្បុរសជន ក្នុងពិធីទាំងមូលផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ផងដែរថា កត្តាសន្តិភាព ជាកត្តាសំខាន់ណាស់នាំមកនូវស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍ពិតៗ ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ។

ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តព្រះក្រាលនេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះកើតឡើងដោយគុណបុណ្យថ្ងៃជ័យជំនះ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចទាំងបី បន្ទាប់ពីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយថ្ងៃ៧មករានេះ ក៏ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ជាថ្ងៃដែលយើងមានជីវិតរស់ឡើងវិញ ធ្វើឲ្យ ប្រទេសកម្ពុជាទាំងមូលបានរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ក្រោមគោលនយោបាយ ឈ្នះៗ របស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ម៉្យាងទៀតនៅក្នុងភូមិសាស្ត្រខ្នងភ្នំគូលែននេះ ក្នុងទស្សវត្សឆ្នាំ៨០ និង ៩០ ជាសមរភូមិក្តៅបំផុត តែបច្ចុប្បន្នបានធ្វើឲ្យប្រែក្លាយពីតំបន់ប្រយុទ្ធ ឲ្យមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រទៀតផង ។ ឯកឧត្តមក៏បានលើកផងដែរថា សមិទ្ធផលទាំងអស់ដែលបានកំពុងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងឱកាសនេះ គឺជាសមទ្ធិផលថ្មី នៃចំណងដៃទទួលសាទរឆ្នាំថ្មី ឆ្នាំកុរ ដែលកើតពីការរួមសាមគ្គី ទាំងព្រះសង្ឃ សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយដែលរួមសហការគ្នាកសាងឡើង ក្នុងការបម្រើវិស័យសាសនា ទៅតាមពុទ្ធានិញ្ញាតក្នុងទីវត្តព្រះក្រាលនេះ ។

ឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តព្រះក្រាល ចំនួន ២លានរៀល ដើម្បីបន្តកសាងសមិទ្ធផលក្នុងវត្ត និង សិស្សានុសិស្សនូវសម្ភារៈសិក្សា សីលវន្ត័ សីលវតី ម្នាក់ៗ ក្រណាតស ០១ដុំ ប្រាក់ ២ម៉ឺនរៀល ផងដែរ ៕