ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ ដោយចំណាយថវិកា២ពាន់លានដុល្លារ


ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេក្នុងយុគ្គសម័យដឹកនាំរបស់សម្តេចតេជោសែន ចាប់ផ្តើមដំណើរការសាងសង់ហើយនៅថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក។

ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន។

មុនឈានដល់ដំណាក់ការនៃការសាងសង់ផ្លូវមួយខ្សែនេះត្រូវបានចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំ អនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរជំនួសវិញ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះគឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ សម្តេចតេជោ បានហៅការចាប់ផ្តើមសាងសង់ផ្លូវនេះ គឺជាវឌ្ឍនភាពកើតចេញពីសុខសន្តិភាពរបស់កម្ពុជា។

* សម្តេចតេជោ បានថ្លែងថា ផ្លូវល្បឿនលឿននេះបើគ្មានការគាំទ្រពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនទេ មិនអាចលេចចេញជាវត្តមាននោះឡើយ ព្រោះទុនវិនិយោគរហូតដល់ទៅ២ពាន់លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចផ្ទាល់បានធ្វើការជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន ដើម្បីដំណើរការគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងផ្លូវល្បឿនលឿននេះគឺជាចាប់ផ្តើមគម្រោងដ៏ធំមួយរវាងរដ្ឋ និងវិស័យឯកជនរបស់ចិន។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ផ្លូវល្បឿនលឿននេះ គឺជាការតភ្ជាប់ដ៏សំខាន់រវាងប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

* សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ ហើយសម្តេចក៏កំពុងពិចារណាបង្កើត ប៉ូលសេដ្ឋកិច្ចមួយទៀតនៅភូមិភាគឥសានប្រទេស។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសាងសង់ផ្លូវល្បឿនលឿននេះ ព្រោះបានកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាការដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងមូលតែម្តង។ ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូន។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់ថា កម្ពុជាកំពុងលក់ដីឲ្យចិន។ សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះគឺសាងសង់ក្នុងរូបភាព សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ពោលក្រោយផុតដំណាក់កាលធ្វើអាជីវកម្មក្រុមហ៊ុននឹងប្រគល់ផ្លូវមួយនេះឲ្យមកកម្ពុជាវិញ។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យចិនមកគ្រប់គ្រងខ្មែរនោះឡើយ ហើយចិនក៏មិនមានចេតនាមកគ្រប់គ្រងកម្ពុជានោះដែរ។

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការតភ្ជាប់គឺជារឿងសំខាន់បំផុតសម្រាប់សម្តេច។ ក្នុងនោះសម្តេចក៏ធ្លាប់ប្រាប់សមាជិករាជរដ្ឋាភិបាល នៅក្នុងឆ្នាំ១៩៩៨ផងដែរថា បើតភ្ជាប់ត្រឹមនយោបាយមិនអាចទទួលជោគជ័យនោះឡើយ ពោលគឺត្រូវតែមានការតភ្ជាប់ផ្លូវផងដែរ។

* សម្តេចតេជោបានរំលឹកថា រដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលរបស់សម្តេចមិនមានរបបសម្រាប់ទិញរថយន្តជិះនោះទេ ពោលមុនធ្វើរដ្ឋមន្ត្រីជិះអ្វី ពេលឡើងរដ្ឋមន្ត្រីជិះរថយន្តនោះដដែល។ រាជរដ្ឋាភិបាលត្រូវការយកលុយទៅអភិវឌ្ឍន៍ធ្វើផ្លូវ និងសាលារៀនជាដើម។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ចីប្រមាណ ៧០ភាគរយពីចិន គឺយកមកប្រើដើម្បីធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ និងស្ពានជាដើម។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការរកលុយមកធ្វើផ្លូវ ធ្វើប្រឡាយទឹក និងធ្វើវារីអគ្គិសនីជាដើម ជាអាទិភាពរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅមានតម្រូវការធ្វើផ្លូវល្បឿនលឿនបន្ថែមទៀត ដូចជាការតភ្ជាប់ទៅវៀតណាម ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង និងត្រូវតភ្ជាប់ទៅប្រទេសថៃផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿនអាស៊ាន ដោយតភ្ជាប់រវាងភ្នំពេញជាមួយហូជីវមីញ ប្រទេសវៀតណាម និងពីភ្នំពេញទៅក្រុងបាងកក ប្រទេសថៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងពង្រឹងសមត្ថភាពផ្លូវដែកបន្ថែមទៀត ដើម្បីប្រើប្រាស់ឲ្យអស់សមត្ថភាពរបស់ផ្លូវក្នុងការដឹកជញ្ជូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការដៃគូទាំងអស់ មិនមែនត្រូវការតែចិននោះទេ។

* ឆ្លើយតបការលើកឡើងថា កម្ពុជាលំអៀងទៅចិននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលទាត់ចោលការវិនិយោគរបស់បរទេសណាមួយនោះទេ ផ្ទុយទៅប្រទេសដែលលើកឡើងថាកម្ពុជាលំអៀងទៅចិននោះ មិនដែលបានដាក់គម្រោងវិនិយោគនៅកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់ការវិនិយោគទាំងអស់ ដោយមិនមានបិទទ្វារប្រទេសណាមួយនោះទេ។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវការមិត្តភក្តិដែលស្មើភាព ស្មើសិទ្ធិតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ដៃគូទាំងអស់រាល់ការធ្វើសកម្មភាព និងភាពជាដៃគូទំនាក់ទំនង គឺត្រូវគោរពអធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់គម្រោងវិនិយោគលើវារីអគ្គិសនីចិន មិនដែលបោះបង់ចោលគម្រោងរបស់ពួកគេនោះទេ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា យោងតាមការព្យាករណ៍នឹងមានភ្លៀងធ្លាក់នៅយប់ថ្ងៃនេះ និងប៉ុន្មានថ្ងៃខាងមុខនេះទៀត។ បើមានភ្លៀងនោះវារីអគ្គិសនីអាចដំណើរការ ផលិតថាមពលអគ្គិសនី។

* សម្តេចតេជោ បានចោទសួរទៅបុគ្គលម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងថា សម្តេចដឹកនាំប្រទេសឲ្យខ្វះអគ្គិសនីនោះ បើសម្តេចចុះហើយគេឡើងមកតើធ្វើឲ្យមានភ្លើងវិញឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវហើយ ហើយរំពឹងថាមិត្តភក្តិទាំងអស់នឹងយល់ពីបំណងរបស់កម្ពុជា គឺត្រូវការសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ។

* សម្តេចតេជោបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើបោះឆ្នោតគាំទ្រនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងបោះឆ្នោតឲ្យខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរសៀលនេះសម្តេចនឹងអញ្ជើញជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក។

* សម្តេចតេជោ បានថ្លែងថា ព្រឹកនេះជួបមហាអំណាចិន ល្ងាចជួបមហាអំណាចអាមេរិក។ សម្តេចតេជោ បានលើកឡើងថា សម្តេចធ្វើទំនាក់ទំនងគ្រប់ប្រទេសទាំងអស់គ្រាន់តែត្រូវការការគោរពគ្នា។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះសម្តេចនឹងបំពេញបេសកកម្មការងារនៅប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិមួយនៅក្នុងខេត្តព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងរៀបចំនៅក្នុងខេត្តព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីៗដែលសម្តេចធ្វើនាពេលបច្ចុប្បន្ន គឺទុកសម្រាប់ក្មេងៗជំនាន់ក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រជាពលរដ្ឋណាដែលមិនព្រមសហការក្នុងការសាងសង់សមិទ្ធផលនានា គឺត្រូវតែយកច្បាប់មកប្រើ។ សម្តេចតេជោ បញ្ជាក់ថា នៅពេលជាតិត្រូវការហើយ ប្រជាពលរដ្ឋត្រូវតែលះបង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅដើមឆ្នាំ២០១៩នេះ សម្តេចបានបញ្ចេញថវិកាជិត ១០០លានដុល្លារអាមេរិក សម្រាប់ផ្តល់សំណងលើផលប៉ះពាល់នានានៅក្នុងគម្រោងសាងសង់ផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីមន្រ្តីរាជការប្រាក់ខែ មានរហូតដល់៦០ថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះមន្រ្តីរាជការបើកប្រាក់ខែ ២ក្នុងមួយខែ និងទទួលបានការតម្លើងទៀតផង។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា បច្ចុប្បន្នខេត្តនីមួយៗរបស់កម្ពុជា មានវិទ្យាល័យយ៉ាងច្រើន ខុសពីមុនក្នុងមួយខេត្តមានតែមួយប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលចូលឆ្នាំថ្មីនេះ សូមបងប្អូននាំគ្នាច្រៀងបទ «ទទារយំឆ្លង» ទាំងពីរបទទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមជូនពរចំណងមិត្តភាពកម្ពុជា-ចិន យូរអង្វែងនិងរឹងមាំ។