អាជ្ញាធររាជធានីភ្នំពេញបួងសួងសុំសេចក្ដីសុខចម្រើនសម្រាប់ព្រះរាជពិធីបុណ្យ អុំទូក ឆ្នាំ២០១៦នេះ


ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ –ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រី ក្រោមឱវាទ បានរៀបចំ ពិធីបួងសួងសុំសេចក្តី សុខចម្រុងចម្រើន និងសុំពរជ័យ តាមបែបសាសនា ពីបារមី ដូនពេញដែលជាស្ថាបនិក រាជធានីភ្នំពេញ និងបន់ស្រន់អារក្សទឹក នៅរមណីយដ្ឋានវត្តភ្នំ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដើម្បីឱ្យពិធីបុណ្យនេះ ប្រព្រឹត្តទៅប្រកបដោយក្តីសប្បាយរីករាយ និងចៀសផុតពីគ្រោះចង្រៃទាំងពួង។
ក្នុងឱកាសនោះដែរ អាជ្ញាធររាជធានីភ្នំពេញក៏បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំទៅតាមប្រពៃណីទំនៀម ទម្លាប់ដល់ ក្រុមកីឡាករ កីឡាការិនីចំណុះទូករាជធានីភ្នំពេញ ដែលជាការលើកកម្លាំងចិត្តដល់ ចំណុះទូក ទាំងអស់ឱ្យខិតខំបញ្ចេញអស់សមត្ថភាពក្នុងការប្រណាំង ដើម្បីដណ្តើមជ័យជម្នះជូនមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា កីឡាករកីឡាការិនីអុំទូកត្រូវតែរឹងមាំ មានវិ ន័យ សាមគ្គីភាពល្អ និងត្រូវហ៊ានទទួលយកការពិតទោះចាញ់ឬឈ្នះ វាជារឿងធម្មតាសម្រាប់កីឡា ជាពិសេសត្រូវរក្សាឱ្យបាន ភាពថ្លៃថ្នូរ ។
ឯកឧត្ដម បន្ដថា សម្រាប់រាជធានីភ្នំពេញ មានទូកចូលរួមចំនូន៤៨ទូកសម្រាប់ចូលរួមប្រកួតក្នុងព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ ដោយមានកីឡាករ កីឡាការិនីចំនួន២៤៧៥នាក់ផងដែរ ។ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ ជាតិឆ្នាំនេះ មានទូកមកពីខេត្តក្រុងនានា ទួទាំងប្រទេស ចំនួន២៧៦គូ, កីឡាករ កីឡាការិនីជាង១៦៥០០នាក់ និងមានប្រទីបរបស់ស្ថាប័ននានាចំនួន១២ ចូលរួមផងដែរ។ នៅពេលល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះសាលារាជ ធានីភ្នំពេញនឹងរៀបចំធ្វើពិធីប្រណាំងទូក (ង )ទូកមួង របស់រាជធានីភ្នំពេញ នៅមាត់ទន្លេមុខវត្តឩណ្ណាលោម ដើម្បីជាការសមកម្លាំងត្រៀមចូលរួមអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៣,១៤,១៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕

461

471

481

492