ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ បានជួសជុលរួចរាល់អស់ហើយ


(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការជួសជុលអស់រយៈពេលជិត២ឆ្នាំមកនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ បានជួសជុលរួចរាល់អស់ហើយ។ នេះបើយោងតាមការឱ្យដឹងពី លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែមីនា មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានអះអាងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានជួសជុលសព្វគ្រប់អស់ហើយ រង់ចាំតែថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ គ្រោងនឹងដាក់ឱ្យដំណើរការឡើងវិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

ស្ពាននេះ ត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។

ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ដំណើរការជួសជុលឡើងវិញនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧៕