ជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ជាមួយ លោក Wen Gang អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ CCCC


ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅក្រុងប៉េកាំង ប្រទេសចិន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាការងារជាមួយ លោក Wen Gang អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន CCCC (China Communications Construction Company Limited)។

CCCC ជាសហគ្រាស របស់រដ្ឋាភិបាលចិនមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាង៥០ ក្នុងនោះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ជាក្រុមហ៊ុនមួយ ដែលកំពុងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាច្រើន រួមទាំងគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យលោក Wen Gang ពន្លឿននូវគម្រោងកំពុងអនុវត្ត ក៏ដូចជាគម្រោងដែលកំពុងធ្វើការសិក្សា ព្រមទាំង ស្នើឲ្យពិនិត្យលទ្ធភាពផ្តល់កិច្ចសហការ គាំទ្រលើកកម្ពស់ ផ្នែកសុវត្ថិភាពចរាចរណ៍ជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យលោក Wen Gang ពិចារណា និង ពិនិត្យលទ្ធភាពផងដែរ ក្នុងការជួយឧបត្ថម្ភ ជាសម្ភារៈ ឧបករណ៍ ជួសជុលថែទាំផ្លូវ សម្រាប់មន្ទីរសាធាណការ និងដឹកជញ្ជូន ទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយ ជង្ហុកសំបុកមាន់ ការខូចខាតផ្លូវ និងការធានាសុវត្ថិភាពក្នុងការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋយើង។

លោក Wen Gang បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញរាល់គម្រោងនានារបស់ខ្លួន ឲ្យបញ្ចប់បានទាន់ពេលវេលា ជាមួយនឹងគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាងនេះទៀត លោកអនុប្រធានក្រុមហ៊ុន បានប្តេជ្ញា ជំរុញការអនុវត្តគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹមខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការ ស្វាគមន៍កិច្ចប្រជុំ​ ASEAN នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅ នាខែវិច្ឆិកាឆ្នាំ២០២២​ ខាងមុខនេះ។

លោក Wen Gang ក៏បានសន្យាថា នឹងពិភាក្សាលើសំណើរផ្សេងៗទៀត របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីធ្វើការឆ្លើយតបជាវិជ្ជមាន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ក៏ដូចជាបន្តរិតចំណងមិត្តភាពរវាងកម្ពុជា-ចិន ឲ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀតផងដែរ៕