ទូកឈ្មោះសារាយតេជោសែនជ័យ មកពីខេត្តកណ្ដាល ទទួលចំណាត់ថ្នាក់បច្ចេកទេសល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៦នេះ


ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦–បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ រួចមក គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគក៏បានប្រកាសលទ្ធផលចំណាត់ថ្នាក់ជ័យលាភី ដោយទូកគូ ពិសេស ដែលមានចំណាត់ថ្នាក់បច្ចេកទេល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៦នេះ បានទៅទូកឈ្មោះ សារាយតេជោ សែនជ័យ ពាក់ផ្លាកលេខ១១៣ ជាទូកមកពីខេត្តកណ្ដាលមានចំណុះ៧៧នាក់ ដែល លទ្ធផលសរុបគឺប្រើប្រាស់ថេរវេលាត្រឹមតែ២៨នាទី ៣០វិនាទី។
លទ្ធផលជាបន្ដបន្ទាប់នោះ ចំពោះទូកដែលទទួលជ័យជន្នះជ័យលាភីផ្នែកសោភ័ណភាព លេខ១ បានទៅទូកឈ្មោះ គងពិសីមហាសែនតេជៈ ពាក់លេខ១៦៦ជាទូកមកពីខេត្តកំពង់ស្ពឺ និង ទូក ឈ្មោះ ព្រះទីនាំងបូកគោសែនជ័យ ពាក់ផ្លាកលេខ២០៤ ព្រមទាំងទូកឈ្មោះ តេជោតេជៈសែនជ័យ រស្មីមេគង្គ ពាក់ផ្លាកលេខ២៤៧ មកពីរាជធានីភ្នំពេញ។
នេះគឺជាថ្ងៃទី៣នៃការបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលបានប្រព្រឹត្តទៅនៅព្រះពន្លាជ័យខាមុខព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះ ករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង មានការអញ្ជើញចូលរួមរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ រាជវង្សានុ វង្ស និងភ្ញៀវជាតិ អន្តរជាតិជាច្រើនទៀត។
បន្ទាប់ពីក្រុមបាគូរនាំព្រះខ័នជ័យមកក្រាបថ្វាយបង្គំ សុំព្រះបរមរាជានុញ្ញាតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីនាំទៅកាត់ព្រ័ត្រ ហើយក្រុមបារគូដង្ហែដាវជ័យទៅកាន់ព្រះទីនាំងទូក ង នាំក្បួនទូកកងទ័ពជើងទឹកទៅកាន់កងពាន់ទីពីរ នៅខាមុខវត្តឧណ្ណាលោមរួចមក គណៈកម្មការ បច្ចេកទេស គណៈមេប្រយោគក៏បានប្រកាសលទ្ធផលនៃការប្រណាំងទូក ង ទាំង៣ថ្ងៃបានឱ្យដឹងថា ក្នុងឆ្នាំ២០១៦នេះ ស្ថាប័ន រាជធានី ខេត្តក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងបញ្ជូនទូកមួង ទូកង ទូកខ្នាតអន្តរជាតិបុរស នារី ចំនួន២៥៧ទូក មកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះ មានចំណុះទូកកីឡាករ កីឡាការិនី សរុបចំនួន១៧៧៣៦នាក់។
នៅក្នុងព្រះរាជពិធីនេះផងដែរ ព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជ ហឬទ័យ ស្ដេចយាងព្រះរាជប្រទានរង្វាន់ជ័យលាភីជានិមិត្តរូប ចំណាត់ថ្នាក់លេខ១ ទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ បុរស នារី ក្នុងឱកាសនោះផងដែរ។ បន្ទាប់មកពិធីកាត់ព្រ័ត្របានចាប់ផ្ដើម ដោយព្រះទីនាំងទូក ង នាំក្បួនទូកកងទ័ពជើងទឹកទាំអស់ ទម្លាក់ខ្លួនសន្សឹមៗ ពីខាងមុខវត្តឧណ្ណាលោមទៅ កាន់ទីកាត់ព្រ័ត្រនៅខាងមុខព្រះពន្លាជ័យ នៃវេទិកាបុណ្យអុំទូក ដែលអមទៅដោយបទចាប់កូនខ្លែង សម្រែកជ័យឃោស និងបង្ហោះប៉េងប៉ោង ទន្ទឹមនិងនេះក៏មានពិធីបណ្ដែតប្រទីប អមទៅដោយការអុជ កាំជ្រួច ផងដែរ។ ដោយឡែកនៅរាត្រីថ្ងៃទី៣នេះ ដែលជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក៏មានការសម្ដែងសិល្បៈ ប្រគុំតន្ត្រី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្ដាស្ថានីយ៍ទូរទស្សន៍នានា នៅតាមទីធ្លាសាធារណៈ តាមសួនច្បារមួយចំនួន ដូចថ្ងៃទីមួយ និងថ្ងៃទីពីរដែរ៕