រដ្ឋមន្រ្តីក្រសួងបរិស្ថានពង្រឹងតួនាទី និងភារកិច្ចមន្រ្តី ដើម្បីបំពេញការងារតាមបែបរដ្ឋបាលទំនើប


នៅថ្ងៃថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទី និងភារកិច្ចមន្រ្តី ដើម្បីបំពេញការងារតាមបែបរដ្ឋបាលទំនើប។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ស្ថិតក្នុងក្របខណ្ឌយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ ២០១៨-២០២៣ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រសួងបរិស្ថានបានកំណត់ចក្ខុវិស័យ របស់ខ្លួនច្បាស់លាស់ ដើម្បីប្រែក្លាយការគ្រប់គ្រងវិស័យបរិស្ថានតាមបែបរដ្ឋបាលទំនើប។ នៅក្នុងអាណត្តិនៃរាជរដ្ឋភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានកំណត់ថា នៅឆ្នាំ២០២៣ គុណភាពនិងនិរន្តរភាពបរិស្ថាន ត្រូវបានធានា ហើយកេរតំណែលធនធានធម្មជាតិ កម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប និងច្រើនជំនាន់ តទៅមុខទៀត។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានកំណត់បេសកកម្មសំខាន់ៗគឺដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានបើកទំព័រថ្មី លើការគ្រប់គ្រង ធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន ហើយបានកំណត់គោលនយោបាយនិងគោលដៅ ជាយុទ្ធសាស្ត្រ ច្បាស់លាស់ក្នុងការបង្កើនប្រសិទ្ធភាពនៃការងារនេះ។