ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យការដ្ឋានជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ)


ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យសមិទ្ធផលដែលសម្រេច នៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យសាធារណៈជនប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពាននេះអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។ បន្ទាប់ពីជួសជុលរួច ស្ពាននេះមានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែក សម្រាប់អ្នកថ្មើរជើង ម៉ូតូ និងឡាន។

ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមវិស្វករ និងអ្នកជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ទើបគម្រោងនេះអាចបញ្ចប់យ៉ាងរលូន ដើម្បីដាក់ស្ពាននេះឱ្យដំណើរការនៅថ្ងៃទី០៣ ខែមេសា ខាងមុខនេះ ក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ។