ផ្លូវស្រះស្រង់ប្រវែងមួយគីឡូម៉ែត្រត្រូវបានអជ្ញាធរជាតិអប្សរាកំពុងជួសជុលកែលម្អ


ផ្លូវស្រះស្រង់ជ្រុងខាងជើងប្រវែងមួយគីឡូម៉ែត្រដែលខូចខាតមានសភាពក្រហេងក្រហូងដោយអន្លើ និងស្មាផ្លូវតូចចង្អៀត ហើយរលុះដោយសារទឹកភ្លៀងហូរច្រោះជារឿយៗនោះ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងជួសជុលកែលម្អឡើងវិញ។

ការជួសជុលកែលម្អនេះ ចាប់ផ្តើមឡើងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ ដោយឈូសឆាយបំពេញនូវកន្លែងក្រហេងក្រហូងដែលមានទឹកដក់ ពង្រីកទំហំផ្លូវដែលបានជួសជុលឱ្យធំជាងមុន ក្រាលកំទេចថ្ម និងដាំស្មៅតាមចិញ្ចើមផ្លូវទប់ស្កាត់ការហូរច្រោះដីដោយសារទឹកភ្លៀង។

ការជូសជុលនេះនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយការធ្វើចរាចរណ៍បានធំទូលាយជាងមុន។ ខណៈពេលនេះដែរ សូមបងប្អូនទាំងអស់បើកបរដោយប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យ ដោយសារផ្លូវកំពុងជួសជុលដែលអាចជួបការលំបាកក្នុងរយៈពេលខ្លី ក្រោយពីការជួសជុលចប់រួចរាល់នឹងអាចធ្វើចរាចរណ៍ងាយស្រួលឡើងវិញ៕