អភិបាលខេត្តកំពង់ឆ្នាំងជំរុញអោយមន្ទីរជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវានិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា


កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ទីរជំនាញ សហការអាជ្ញាធរដែន និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបំរើសេវា ដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាតាមជំនាញរបស់ខ្លួន និង ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អប្រសើរ ជាពិសេសធានាបាន សុវត្ថិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពេលចូលថ្មីប្រពៃណីខ្មែរអោយទទួលបានជោគជ័យ។

ឯកឧត្តមបានជំរុញបែបនេះ នា ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលា
នយោបាយខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១និងលើកទិសដៅសំរាប់អនុវត្តបន្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោក
ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុងស្រុក ចៅសង្កាត់ មេឃុំ និង មេភូមិសរុប៩១០នាក់ផងដែរ។

ឯកឧត្តមក៏បានជំរុញបន្តទៀតថាៈអង្គភាពជុំវិញខេត្ត និង អាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវទប់ស្កាត់មិនអោយកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនជាពិសេសបទល្មើគ្រឿងញៀន,នេសាទ,រំលោភដីរដ្ឋ,ដីចំណីផ្លូវ,បឹង,ទន្លេ ត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ជាពិសេសត្រូវធ្វើការបកស្រាយបំភ្លឺនិងប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្ក អស្ថិរភាពក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើអោយមន្ទីរជំនាញ និង អាជ្ញាធរដែនដីត្រូវរៀបចំស្ថាបនរបស់ខ្លួនអោយមានសោភ័ណភាពល្អជាពិសេសអោយប្រជាពលរដ្ឋនៅតាមដងផ្លូវរៀបចំលំនៅដ្ឋានរបស់ខ្លួនអោយមានសណ្តាប់ធ្នាប់ដើម្បី ចូលរួមប្រលងប្រណាំងទីក្រុងស្អាតលំដាប់អាស៊ាន នាពេលខាងមុខអោយបានជ័យលាភីលេខ១៕