ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការជួលសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ មកសម្របសម្រួល និងបង្កើនទំនាក់ទំនង ជាមួយអាមេរិកនោះ គឺជាការបន្តុះបង្អាប់


ឯកឧត្តម សុខ ឥសាន៖ ករណីផ្សាយកម្ពុជាជួលសមាជិកព្រឹទ្ធ សភាអាមេរិក ៥០ម៉ឺនដុល្លារ ជាការបន្តុះបង្អាប់ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានករណីកម្ពុជា ជួលសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ មកសម្របសម្រួល និងបង្កើនទំនាក់ទំនង ជាមួយអាមេរិកនោះ គឺជាការបន្តុះបង្អាប់មកលើ ថ្នាក់ដឹកនាំគណបក្សប្រជាជន ។

វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ បានផ្សាយថា “សម្តេច ហ៊ុន សែន ជួលសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដែលមានឋានៈស្មើអភិបាលស្រុកមួយ នូវទឹកប្រាក់កន្លះលានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយតស៊ូមតិឲ្យកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិកថ្កោលទោស របបនេះ អំពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ” ។

អាស៊ីសេរីបានឲ្យដឹងទៀតថា “ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី៥ មេសា លើកឡើងថា សមាជិកព្រឹទ្ធសភាអាមេរិកពីខាងគណបក្សសាធារណៈ នៅរដ្ឋវ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) បានចុះបញ្ជីតាំងខ្លួនជាភ្នាក់ងារបរទេស ដើម្បីពិគ្រោះយោបល់ និងជាសកម្មជនរត់ការតំណាងឲ្យកម្ពុជា” ។

វិទ្យុបរទេសនេះបន្តថា លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួលការពារកម្ពុជានេះ ក្នុងនាមក្រុមហ៊ុនមួយរបស់លោកឈ្មោះ ផែករិម (PacRim) ដែលគិតថ្លៃ៥០ម៉ឺន (៥០០.០០០) ដុល្លារក្នុងមួយឆ្នាំ ដើម្បីកិច្ចការពិគ្រោះយោបល់ផ្សេងៗ រួមទាំងការជួយចាត់ចែង និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅទឹកដីអាមេរិកផងដែរ។
ឯកឧត្តម សុខ ឥសាន បានថ្លែងតបទៅវិញបែបលើកជាសំណួរថា នៅអាមេរិក មានសមាជិកព្រឹទ្ធសភាជាថ្នាក់អភិបាលស្រុកដែរ ? នៅក្នុងការផ្សាយ អានដោយលោក មួង ណារ៉េត ថា រាជរដ្ឋាភិបាលកម្ពុជាបានជួលលោក ដឹក អេរិកសុន ព្រឹទ្ធសមាជិកអាមេរិកនោះ មិនដឹងមានការពិតយ៉ាងណាទេ ប៉ុន្តែគេមានការងឿងឆ្ងល់ថា នៅអាមេរិកមានព្រឹទ្ធសមាជិកថ្នាក់អភិបាលស្រុកដែរឬ ?

ឯកឧត្តមថា “មតិមួយចំនួនយល់ថា អាចជាការនិយាយបន្តុះបង្អាប់ចំពោះអ្វីដែលពាកព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលបុគ្គលិកមួយចំនួននៃវិទ្យុនេះ និយាយដោយផ្អែកលើក្រមសីលធម៌មិនឯករាជ្យ និងវិជ្ជាជីវៈលំអៀងនោះ” ។

អ្នកនាំពាក្យកាន់អំណាចបន្តថា ដោយសារចរិកឯករាជ្យ និងក្រមសីលធម៌លំអៀងនេះហើយបានជាវិទ្យុនេះ តែងតែលើកតម្កើងពួកឧទ្ទាមខ្មែរក្រៅច្បាប់ ទោះបីកំពុងទុរន់ទុរា ត្រដាបត្រដួស និងដង្ហើមចង្រិតយ៉ាងណាក៏នៅតែខ្លាំងរឹងមាំដែរ ៕