កម្ពុជាស្នើវៀតណាមបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីជួយសម្រួលតម្រូវការនាពេលបច្ចុប្បន្ន


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអនុញ្ញាតឲ្យលោក LE BIEN CUONG ទីប្រឹក្សាពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនេះ លោក LE BIEN CUONG បានប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រី នូវលិខិតជូនពររបស់ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ។
ថ្លែងក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើភាគីវៀតណាមជាពិសេសឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សូមជួយគាំទ្រនូវសំណើរបស់កម្ពុជាតាមរយៈអគ្គិសនីកម្ពុជាឲ្យជួយបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន៥០មេហ្គាវ៉ាត់បន្ថែមទៀតតាមច្រកចូវដុក ដើម្បីដោះស្រាយនូវការខ្វះខាតនាពេលបច្ចុប្បន្ន និងបានស្នើឲ្យវៀតណាមបន្កើនការទំលាក់ទឹក នៅតាមបណ្តាវារីអគ្គិសនីទាំង១៤ ផែ្នកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២ របស់កម្ពុជាអាចមានទឹកបន្ថែមក្នុងការបង្កើនការផលិតថាមពលអគ្គីសនី។ ជាកិច្ចឆ្លើយតប លោកទីប្រឹក្សាពាណិជ្ជកម្ម បានស្វាគមន៍ ហើយនឹងធ្វើរបាយការណ៍ការស្នើសុំនេះទៅកាន់រដ្ឋាភិបាលវៀតណាម។

ទីស្តីការក្រសួង
ថ្ងៃចន្ទ ៨កើត ខែចែត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩