ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជ្រើសរើសសាលារៀន និងសម្ពោធដាក់ឱ្យអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេស គាំទ្រការបង្រៀន ICT នៅកម្រិតមធ្យមសិក្សាទុតិយភូមិ


កំពង់ចាម ៖ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជ្រើសរើសសាលារៀន និងសម្ពោធដាក់ឱ្យអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេស គាំទ្រការបង្រៀន ICT នៅកម្រិតមធ្យមសិក្សាទុតិយភូមិក្រោមអធិបតីភាពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគម្រោង ដោយមានសមាសភាពចូលរួមពីសំណាក់តំណាងមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនមិត្តហ្វូន អង្គភាពពាក់ព័ន្ធ មន្ត្រីទទួលបន្ទុក ព្រមទាំងតំណាងមន្ទីរអយករាជធានី-ខេត្ត គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ អញ្ជើញមកពី៤០សាលាដែលបានជ្រើសរើស សរុបប្រមាណជា ១៣១នាក់ នាថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារ អិល ប៊ី អិន អាស៊ាន ខេត្តកំពង់ចាម។

សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសសាលាជាបេក្ខភាពចំនួន២០សាលាចេញពីសាលាចំនួន៤០ដែលត្រូវធ្វើបទបង្ហាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការដើម្បីទទួលបានបន្ទប់កុំព្យូទ័រថ្មី ដែលបំពាក់ដោយកុំព្យូទ័រស្របតាមស្តង់ដារបច្ចេកទេស ICT សម្រាប់បម្រើដល់ការបង្រៀន-រៀន របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។