អគ្គនាយកដ្ឋានរដ្ឋបាល បើកកិច្ចប្រជុំពិភាក្សាពីស្ថានភាពនៃការអនុវត្តអនុក្រឹត្យ១១៣ អនក្រ.បកស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន


ព្រឹកថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាពីស្ថានភាពនៃការអនុវត្តអនុក្រឹត្យ១១៣ អនក្រ.បកស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង សង្កាត់ ឃុំ និងទីប្រឹក្សាលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងលោក លោកស្រី អភិបាលរងរាជធានី ខេត្តទទួលបន្ទុកវិស័យបរិស្ថាន អភិបាលខណ្ឌ ក្រុង និងនាយកដ្ឋានរដ្ឋបាលរាជធានី ខេត្តផងដែរ សរុបប្រមាណ១១០នាក់។
កិច្ចប្រជុំពិភាក្សាពីស្ថានភាពនៃការអនុវត្តអនុក្រឹត្យ១១៣ អនក្រ.បកស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ គឺមានគោលដៅដូចតទៅ៖ ១.ដើម្បីពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២.ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានី ក្រុងនិងស្រុក និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនពីរដ្ឋបាលរាជធានីទៅឱ្យរដ្ឋបាលខណ្ឌ ៣.កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង ៤.លើកកម្ពស់ការយល់ដឹងពីសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តលើការញែក ការទុកដាក់ ការសម្អាត ការប្រមូល ការដឹកជញ្ជូន ការកែច្នៃ និងការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនក្នុងព្រះរាជាណាចក្តរកម្ពុជា និងមានវិសាលភាពអនុវត្តលើការងារគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ឡើយ៕